
ស្រស់ស្អាតណាស់! ព្រះនាងតូច ចេនណា គ្រងឈុតព្រះនាងនាគបង្ហាញពីវប្បធម៌ខ្មែរដ៏ផូរផង់
ជារឿយៗមហាជនតែងបានឃើញវត្តមានព្រះនាងតូច នរោត្តម ចេនណា តែងខ្លួនក្នុងឈុតសម្លៀកបំពាក់ស្អាតៗ និង ប្រណីត។ ជាពិសេស ព្រះនាងតែងតែបង្ហាញខ្លួនជាមួយនឹងឈុតសម្លៀកបំពាក់ខ្មែរយ៉ាងប្រណីតទាក់ទាយក្នុងគោលបំណងលើកបង្ហាញពីវប្បធម៌ដ៏ល្អឯករបស់ដូនតាខ្មែរ។
តួយ៉ាង កាលពីពេលថ្មីៗនេះ ព្រះនាងតូច បានគ្រងនូវឈុតព្រះនាងនាគយ៉ាងស្រស់ស្អាត និង មានអំណាច។ ទន្ទឹមនឹងឃើញការគ្រងឈុតព្រះនាងនាគនេះ គេឃើញថាមានមហាជនជាច្រើនបានបញ្ចេញមតិស្ងើចសរសើរចំពោះសម្រស់ដ៏ល្អឯករបស់នារីខ្មែរដែលទន់ភ្លន់ និង រឹងមាំ។
យ៉ាងណាមិញ សម្រាប់អត្ថន័យក៏ទូលំទូលាយដែរ ព្រោះបើតាមការបង្ហោះរបស់ព្រះនាង ចេនណា ផ្ទាល់បានឱ្យដឹងថា ៖ «នៅក្នុងសង្គមខ្មែរមានព្រេងនិទានដែលទាក់ទងនឹងសត្វនាគជាច្រើន បណ្តាលឱ្យប្រជាជនក្នុងតំបន់មួយនេះមានជំនឿថា សត្វនាគរស់នៅក្នុងទន្លេមេគង្គ ឬ នៅឋានភុជង្គនាគ។ តាមការនិទាន ស្តេចនាគ មានខ្លួនធំ មានស្រកា ដូចត្រី និង មានច្រើនពណ៌ភ្លឺអាស្រ័យទៅលើបារមី ហេីយថែមទាំងអាចនិម្មិតកាយជាមនុស្ស ឬទេវតាមានរូបរាងស្រស់ស្អាត និង ត្រូវបានគេចាត់ទុកថាជាទេវតានៅជាន់ទី១ និង នៅក្នុងចាតុម្មហារាជិកាដែលផ្តល់នូវភាពត្រជាក់ត្រជុំក្សេមក្សាន្ត។ រឿងរ៉ាវនាគនេះផងដែរ គឺមានការពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រខ្មែរយើងតាំងពីដើមរៀងមក ទាំងក្នុងជីវភាពប្រចាំថ្ងៃ រឿងព្រេងបែបប្រវត្តិសាស្រ្តនៃការកកើតទឹកដីខ្មែរ និង សំណង់ស្ថាបត្យកម្ម បទភ្លេង របាំ និង អត្តចរិតជាជនជាតិខ្មែរដែលមានភាពថ្លៃថ្នូររឹងមាំមិនទន់ជ្រាយតែមិនចុះចាញ់ និង មានចិត្តល្អ»៕