ខាត់ សុឃីម ថា ចន សុទីម៉ា មិនបានឈ្នះមកុដ តែនាងឈ្នះរឿងមួយនេះ ពីប្រជាជនកម្ពុជា
បន្ទាប់ពីការប្រកួតយ៉ាងស្វិតស្វាញនៅប្រទេស El Salvador អស់ពេលជាច្រើនសប្តាហ៍មក ទីបំផុតនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់ថ្នាក់ពិភពលោក Miss Universe 2023 ក៏បានរកឃើញហើយនូវម្ចាស់មកុដថ្មីប្រចាំឆ្នាំ ២០២៣ នោះគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេស Nicaragua គឺនាង Sheynnis Palacios ដោយពេលនេះមហាជនទូទាំងសកលលោកបានសម្តែងការសាទរចំពោះនាងយ៉ាងព្រោងព្រាត។
ងាកមកមើលបវរកញ្ញាតំណាងកម្ពុជាយើង គឺ កញ្ញា ចន សុទីម៉ា ឃើញថាមិនមានឱកាសបានឈានចូល Top នៃកម្មវិធីប្រកួតដ៏អស្ចារ្យនាឆ្នាំនេះនោះឡើយ។
ក្រោយពីការប្រកួតបានបញ្ចប់ ភ្លាមៗក៏បានឃើញមានសារបញ្ចេញមតិជាច្រើនបង្ហោះនៅលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ក្នុងនោះដែរក៏មានវត្តមានតារាចម្រៀងចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ប្អូនមិនបានឈ្នះក្នុងការប្រកួត តែប្អូនឈ្នះចិត្តប្រជាជាតិយើង ពួកយើងស្រឡាញ់ John Sotima»។
ជាការពិតណាស់ មហាជនក្នុងប្រទេសសុទ្ធសឹងតែជ្រាបហើយថាកញ្ញា ចន សុទីម៉ា បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយនឹងការសម្តែងបានយ៉ាងល្អនៅលើឆាកដ៏ធំមួយនេះសម្រាប់កម្ពុជា ប្រជាជនកម្ពុជាពិតជាមានក្តីរំភើប និង មានមោទកភាពយ៉ាងខ្លាំងទៅលើរូបនាង ដោយកញ្ញាបានធ្វើឱ្យអន្តរជាតិបានស្គាល់កម្ពុជាកាន់តែច្រើនផងដែរ៕