អាយុគ្រាន់ជាតួលេខ! ដួង ម៉ានិច និង ប្រុសសង្ហា Lyderzz ប្រកាសនឹងចូលរោងការជាមួយគ្នាឆាប់ៗ
មិនមែនជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលណាស់ណាទេសម្រាប់ប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គម នៅពេលដែលស្រីស្អាត ដួង ម៉ានិច និង ប្រុសសង្ហា Lyderzz ប្រកាសនឹងកាន់ដៃគ្នាចូលរោងការនោះ ព្រោះថាកន្លងមក អ្នកទាំងពីរតែងបង្ហាញសកម្មភាពស្អិតល្មួតដូចស្រមោច និង ស្ករ បណ្ដើរគ្នាទៅណាមកណាយ៉ាងត្រសងដូចលលកញីឈ្មោល។
តែអ្វីដែលប្លែកនោះ ដួង ម៉ានិច និង Lyderzz រៀបគម្រោងចូលរោងការជាមួយគ្នានេះ មិនបានប្រាប់ចាស់ទុំ និង មិត្តភក្ដិឱ្យដឹងឮមុនឡើង រហូតពួកគេទាំងពីរបោះគំរូធៀបមង្គលការរួចរាល់ហើយ ទើបយកទៅ Surprise ចាស់ទុំ ធ្វើឱ្យពួកគាត់ស្រឡាំងកាំង ចំណែកឯមិត្តភក្ដិជិតដិតរបស់អ្នកទាំងពីរវិញ ក៏រំភើបត្រេកអរជំនួសអនាគតកូនកំលោះកូនក្រមុំ។
ដ្បិតថា ដួង ម៉ានិច និង Lyderzz បង្ហាញសកម្មភាព Surprise មនុស្សជុំវិញខ្លួនហាក់ដូចជាមានការលេងសើចបន្តិច ប៉ុន្ដែមហាជនអ្នកគាំទ្រស្នេហាពួកគេកន្លងមក បានបញ្ចេញយោបល់អបអរសាទរជាខ្លាំង ព្រោះអ្នកទាំងពីរមិនត្រឹមជាដៃគូក្នុងជំនួញដ៏ស័ក្ដិសមទេ ចំណែកឯជីវិតស្នេហាក៏ជាកំលោះសង្ហាស្រីស្អាតសមនឹងគ្នាខ្លាំងណាស់ដែរ៕