បុគ្គលិកលើយន្តហោះម្នាក់ កំពុងធ្វើឱ្យគេឯងជ្រួលជ្រើម ព្រោះមុខមាត់ដូចតារាប្រុស Jang Ki Yong
ថ្មីៗនេះ បុរសម្នាក់ដែលជាបុគ្គលិកបម្រើការលើយន្តហោះនៅប្រទេសកូរ៉េខាងត្បូងម្នាក់ កំពុងផ្ទុះប្រជាប្រិយភាពខ្លាំងលើបណ្ដាញសង្គម TikTok ក្រោយវីដេអូមួយត្រូវបានចែកចាយ បង្ហាញឱ្យឃើញរូបលោកកំពុងបំពេញការងារ ដោយវីដេអូនោះត្រូវបានថតដោយអ្នកដំណើរលើយន្តហោះនោះផ្ទាល់។
តាមឱ្យដឹង អ្នកដំណើររូបនោះ បានធ្វើដំណើរលើជើងហោះហើរ Korean Air ដោយថតបុគ្គលិកសង្ហារូបនោះ កំពុងជួយក្រុមការងាររបស់គេ លើកវ៉ាលិសរបស់អ្នកដំណើរដាក់តាមថតខាងលើ។ ទង្វើ និង រូបរាងរបស់បុគ្គលិកប្រុសរូបនោះ បានធ្វើឱ្យអ្នកដំណើរដែលថតនោះ រំជើបរំជួល សម្លឹងមើលមិនដាក់ភ្នែក លង់នឹងសម្រស់របស់គេជាខ្លាំង។
វីដេអូនោះដែរ ក្រោយបង្ហោះលើ TikTok គឺទទួលបានការចាប់អារម្មណ៍ និង ចែកចាយបន្តយ៉ាងច្រើន ដែលធ្វើឱ្យវីដេអូនោះ ផ្ទុះមានអ្នកចុចមើលរហូតដល់ ៣.៣ លានដងក្នុងរយៈពេលដ៏ខ្លី។ អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀតនោះ មហាជនអ្នកលេងតាមបណ្ដាញសង្គមជាច្រើន ក៏បាននាំគ្នាបញ្ចេញមតិដូចៗគ្នាថា រូបរាង និង រូបសម្រស់របស់បុគ្គលិកបម្រើលើយន្តហោះរូបនោះ គឺស្រដៀងគ្នាខ្លាំងទៅនឹងតារាសម្ដែងប្រុសដ៏ល្បី Jang Ki Yong ខណៈអ្នកខ្លះទៀតថា ថាស្រដៀងនឹងតារាចម្រៀងប្រុស Jungkook៕