អីយ៉ាស់! YaYa ក្ដាប់បានតំណែងតួស្រីរឿងហូលីវូដមួយ សម្តែងជាមួយតួប្រុសរឿង «៣៦៥ ថ្ងៃ» និង តារាប្រុសសង្ហា ២ រូបទៀត
ប្រិយមិត្តច្បាស់ជាស្គាល់ហើយនូវតារាសម្ដែងថៃ កញ្ញា YaYa Urassaya ដែលជាតួឯកមួយរូបមានអ្នកមហាជនស្រឡាញ់ និង គាំទ្រជាច្រើនទាំងក្នុងប្រទេស និង ក្រៅប្រទេសផងដែរ។
យ៉ាងណាមិញ ថ្មីនេះៗតួឯកស្រីរូបនេះទទួលបានឱកាសពិសេសមួយពីខាងបរទេសនោះ គឺតំណែងជាតួឯកស្រីនៅក្នុងរឿងមួយដែលមានឈ្មោះថា «Home Sweet Home Rebirth» ភាពយន្តហូលីវូដមួយនេះដែរ មានការចូលរួមសម្ដែងពីតួឯកប្រុសបរទេសពីររូបទៀតនោះគឺ Michele Morrone ជាតួឯកប្រុសដ៏ល្បីមួយរូបក្នុងរឿង «៣៦៥ ថ្ងៃ» និង តួសម្ដែងប្រុសមួយរូបទៀតឈ្មោះ William Moseley ព្រមទាំងតារាចម្រៀងរបស់ប្រទេសកូរ៉េខាងត្បូងដែលជាសមាជិកក្រុមចម្រៀង U-Kiss គឺលោក Alexander Lee ផងដែរ។
ដោយឡែក ផលិតករហូលីវូដដ៏ល្បីល្បាញរបស់រឿងនេះគឺលោក Dean Altit ដោយលោកបាននិយាយថា ៖ «សម្រាប់ Project រឿង «Home Sweet Home Rebirth» នេះនឹងមានតារាសម្ដែងជាច្រើនរូបទៀតផងដែរ ហើយក្រៅពីនេះរឿងមួយនេះនឹងមានថតជាមួយ Special Effect ដើម្បីឱ្យវាជា Project ដ៏ធំមួយសម្រាប់ប្រចាំឆ្នាំ»។
គួរឱ្យដឹងដែរថា រឿងមួយនេះមានការចូលរួមដឹងនាំសម្ដែងពីអ្នកដឹកនាំល្បីឈ្មោះ ២ រូបទៀត គឺលោក Alexander Kiesl និង Steffen Hacker ដោយនឹងបើកការថតក្នុងពេលឆាប់ៗនេះ៕