បងប្អូនល្អ! ប្អូនប្រុស Bitoey រៀបចំកម្មវិធីជប់លៀងដ៏កក់ក្ដៅ ស្វាគមន៍បងស្រីចេញពីគុក
កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ តារាចម្រៀងស្រី Bitoey Rsiam ត្រូវបានតុលាការសម្រេចដោះលែងឱ្យមានសេរីភាពហើយ ក្រោយពីជាប់ឃុំឃាំងអស់រយៈពេល ៦ ខែ ជុំវិញរឿងក្តៅឆបោកលុយ Forex-3D កាលពីពេលកន្លងទៅ។
នៅថ្ងៃដែលតារាស្រី Bitoey ចេញពីគុកនោះ គេឃើញថាមានមហាជន និង អ្នកសារព័ត៌មានជាច្រើនបានទៅយកព័ត៌មាន តែស្រីស្រស់ Bitoey ពុំបានចេញពីឡានឱ្យជួបសម្ភាសនោះទេ នាងអង្គុយក្នុងឡានទាំងសភាពរូបរាងស្គមស្គាំង មិនសូវជាស្រស់បស់ឡើយ។
យ៉ាងណាមិញ ងាកមកមើលក្រុមគ្រួសារតារាស្រី Bitoey និង ប្អូនប្រុសឯណេះវិញ នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះគេឃើញថាបានបង្ហោះរូបភាពតុបតែងជប់លៀងដើម្បីស្វាគមន៍តារាស្រី Bitoey ដែលបានចេញពីពន្ធនាគារមានសេរីភាពរស់នៅជាមួយនឹងក្រុមគ្រួសារឡើងវិញ។
លើសពីនោះ ប្អូនប្រុសរបស់តារាស្រី Bitoey ក៏បានបង្ហោះសារអរគុណដល់មហាជនផងដែរ ដែលបានផ្ញើសារលើកទឹកចិត្ត និង សាទរក្រោយបងស្រីមានសេរីភាពវិញ។ សម្រាប់ពាក្យអរគុណនោះបានសរសេរថា ៖ «អរគុណអ្នកគ្រប់គ្នាសម្រាប់យប់មិញ ហើយក៏អរគុណសម្រាប់ពាក្យផ្តល់កម្លាំងចិត្តផងដែរ»៕