លើសពីការលើកទឹកចិត្ត ពេជ្រ សោភា ខំប្រឹងជ្រោមជ្រែង ចន សុទីម៉ា ក្នុងការប្រកួត MU 2023 តាមវិធីនេះ
ប្រិយមិត្តច្បាស់ជាបានដឹងហើយថាកម្មវិធី Miss Universe 2023 បានបញ្ចប់ការប្រកួតក្នុងវគ្គបឋមរួចហើយនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ (ម៉ោងនៅកម្ពុជា) ជាមួយការបង្ហាញនូវសមត្ថភាពដើរ ក៏ដូចជាឈុតដែលគ្រប់បេក្ខភាពមកពីបណ្ដាប្រទេសជាច្រើនបានជ្រើសរើសយកមកបង្ហាញនៅក្នុងវគ្គនេះសុទ្ធសឹងតែស្រស់ស្អាត និង មានអត្ថន័យសម្រាប់ប្រទេសនីមួយៗផងដែរ។
ដោយឡែក សម្រាប់បវរកញ្ញា ចន សុទីម៉ា ដែលតំណាងឱ្យប្រទេសកម្ពុជាយើងវិញក៏មិនធម្មតាដែរ ទាំងការដើរបង្ហាញ និង ឈុតដែលបានជ្រើសរើសយកទៅប្រកួតក្នុងកម្មវិធី MU 2023 នេះគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងការសរសើរចំពោះបវរកញ្ញារូបនេះ។ តួយ៉ាងអ្នកគាំទ្រជាច្រើនក៏សង្ឃឹមថា បវរកញ្ញារូបនេះ នឹងអាចឈានជើងចូល Top កំពូលណាមួយក្នុងឆ្នាំ ២០២៣ នេះ។
ងាកមកមើលអ្នកនាង ពេជ្រ សោភា ជាតារាចម្រៀងមួយរូបដែលមានភាពសកម្មរាល់ពេលមានបវរកញ្ញាតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិវិញ គេតែងតែឃើញតារាចម្រៀងរូបនេះ បង្ហោះជាសារលើកទឹកចិត្ត ហើយពេលខ្លះទៀតក៏បានផ្ញើសារគាំទ្រដល់បវរកញ្ញាផងដែរ។
លើកនេះក៏មិនខុសពីរាល់ដងដែរ អ្នកនាង ពេជ្រ សោភា បានបង្ហោះសារមួយនៅលើផេកផ្លូវការណ៍ថា៖ «Hello Universe ! Wish you all the best Jonh Sotima Miss Universe Cambodia 2023 with MU 2023 Competition in El Salvador!» ដែលមានអត្ថន័យជាភាសាខ្មែរថា៖ «សួស្ដីចក្រវាល! ជូនពរឱ្យអ្នកសំណាងល្អណា ចន សុទីម៉ា Miss Universe Cambodia 2023 ជាមួយការប្រកួត MU 2023 នៅឯប្រទេសអែលសាល់វ៉ាឌ័រ»។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ តារាចម្រៀង ពេជ្រ សោភា ក៏បានសរសេរប្រយោគមួយទៀតមុខបញ្ចប់សារនេះថា៖ «បងប្អូនខ្មែរចង់វ៉ូតសម្រាប់គាត់ទេ? ខ្ញុំគិតថាម្នាក់ 1$ គឺគាត់អាចមានឱកាសច្រើនណាស់ ខ្ញុំនឹងឡាយថ្ងៃនេះ»៕