ចុះពីលើឆាកប្រកួតភ្លាម រ៉េត សារីតា និយាយប៉ុន្មានម៉ាត់ទៅកាន់សិស្សប្អូន ចន សុទីម៉ា
នៅក្នុងការប្រកួតវគ្គបឋមនៃកម្មវិធី Miss Universe 2023 នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ឃើញថាបវរកញ្ញាតំណាងប្រទេសនីមួយៗ បានធ្វើការដើរបញ្ចេញសមត្ថភាព បង្អួតសម្រស់រៀងៗខ្លួនជាមួយឈុតរាត្រីសមោសរ និង ឈុតប៊ីគីនី យ៉ាងស្វាហាប់ និង លេចធ្លោនៅលើឆាកកម្មវិធីប្រកួតដ៏អស្ចារ្យមួយនេះ។
ដោយឡែក ក្នុងវគ្គនេះដែរ ក្រឡេកមើលបវរកញ្ញាតំណាងឱ្យកម្ពុជាយើងវិញ កញ្ញា ចន សុទីម៉ា បានធ្វើការបង្ហាញសមត្ថភាពដើរយ៉ាងស្វាហាប់ និង ជឿជាក់ ពោរពេញដោយទំនុកចិត្តបំផុតទាំងការបង្ហាញខ្លួនក្នុងឈុតរាត្រីសមោសរ និង ឈុតប៊ីគីនី ដោយបានធ្វើឱ្យមហាជនមើលហើយរំភើបចិត្តគ្រប់គ្នា។
ពិតណាស់ ពេលនេះ វីដេអូនៃការដើរបង្ហាញសមត្ថភាពរបស់កញ្ញា ចន សុទីម៉ា ក្នុងវគ្គប្រកួតបឋមនេះ កំពុងតែផ្ទុះការចែករំលែកកក្រើកពេញបណ្ដាញសង្គម និង មានការសរសើរយ៉ាងខ្លាំងពីមហាជនអ្នកគាំទ្រចំពោះនាង ព្រមទាំងកាន់តែមានទំនុកចិត្តខ្លាំងចំពោះនាង ថានឹងអាចទទួលបានលទ្ធផលល្អត្រឡប់មកមាតុភូមិវិញ។
ក្នុងនោះដែរ បន្ទាប់ពី ចន សុទីម៉ា ប្រកួតចប់ចុះពីលើឆាកភ្លាម ក៏បានឃើញរៀមច្បង រ៉េត សារីតា Miss Universe Cambodia 2020 ស៊ែររូបសិស្សប្អូនរួចពោលពាក្យប៉ុន្មានម៉ាត់យ៉ាងពេញដោយក្ដីពេញចិត្តចំពោះ ចន សុទីម៉ា ថា ៖ «ឆ្ងាញ់ណាស់កូនពៅ»៕