មានអំណាចណាស់! ឈុតតំណាងជាតិ គ្រងដោយ ដាំ សុភ័ក្ត្រស៊ីនឌី ត្រៀមប្រកួតលើឆាក Miss Planet International 2023
ជាការពិតណាស់ កម្មវិធីប្រកួតសម្រស់លំដាប់អន្តរជាតិ Miss Planet International លើកទី ៣ កំពុងដំណើរការប្រកួតយ៉ាងស្វិតស្វាញ ដោយមានការចូលរួមពីបេក្ខភាពបវរកញ្ញាភពផែនដីឆ្នាំ ២០២៣ មកពី ៤៥ ប្រទេសជុំវិញពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកម្មវិធីមួយនេះផងដែរ។
ស្របពេល ដែលកំពុងតែនៅក្នុងការប្រកួតនេះ ថ្មីៗនេះបវរកញ្ញា ដាំ សុភ័ក្ត្រស៊ីនឌី ក៏បានបង្ហោះវីដេអូបង្ហាញនូវឈុតតំណាងជាតិដែលកញ្ញានឹងត្រូវយកទៅចូលរួមប្រកួតនៅលើឆាក Miss Planet International 2023 នេះជាផ្លូវការហើយ។
ចំពោះឈុតនេះដែរមានឈ្មោះថា «សិល្បៈអមត នៃព្រលឹងខេមររដ្ឋ» រីឯអត្ថន័យឈុតនេះអមបង្ហាញជាមួយនូវស្នាដៃសិល្បៈនៃសត្វមក្ករដែលជាសត្វក្នុងទេវកថាដ៏ល្បីល្បាញក្នុងលទ្ធិព្រហ្មញ្ញនិយម ដោយមានតំណាលថា ជាសត្វដែលកើតឡើងដោយឫទ្ធិអស្ចារ្យពីសរសៃសក់ព្រះម៉ែគង្គា។ បើតាមជំនឿរបស់បុព្វបុរសខ្មែរក្នុងលទ្ធិព្រហ្មញ្ញ លោកជឿថា សត្វមករជាសត្វដែលរុងរឿងដោយសេចក្តីចម្រើន ត្រជាក់ត្រជុំ និងមានអំណាចខ្លាំងក្លាសម្បើម ទើបដូនតាខ្មែរបានយកទៅឆ្លាក់នៅតាមផ្តែរ និងជញ្ជាំងចម្លាក់នានានៅតាមប្រាសាទ។
នេះសរបញ្ជាក់ឱ្យឃើញនូវសិល្បៈវប្បធម៌របស់ខ្មែរដ៏សម្បូរបែប ដែលនៅតែបន្តរីកចម្រើន និងអភិវឌ្ឍន៍ឈានឆ្ពោះទៅមុខពីមួយជំនាន់ទៅមួយជំនាន់ឥតឈប់ឈរ ប្រកបដោយទេពកោសល្យ ប្រណីតភាព និងរសនិយមនៃដួងព្រលឹងដូនតាខ្មែរ ដែលលោកបានបន្សល់មកពីគ្រប់កាលជំនាន់។ តួយ៉ាង មហាជនសង្កេតឃើញថាមានគណនីហ្វេសប៊ុកផេកបុគ្គលល្បីៗជាច្រើនបានផ្ទុះការទស្សន៍ទាញថា បវរកញ្ញាកម្ពុជាយើងអាចនឹងឈានចូលដល់ Top ណាមួយជាក់ជាមិនខាននៅក្នុងឆ្នាំ ២០២៣ នេះ៕ សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖