គ្រាន់តែឃើញវីដេអូសមឆាក មហាជនដាក់ក្តីសង្ឃឹមថា ចន សុទីម៉ា ចូល Top បាត់ទៅហើយ
នៅពេលនេះកម្មវិធី Miss Universe ឆ្នាំ ២០២៣ កំពុងតែបើកឆាកប្រកួតយ៉ាងស្វិតស្វាញនៅប្រទេស El Salvador ដើម្បីស្វែងរករាជិនីកំពូលសម្រស់ដើម្បីគ្រងមកុដបន្តពីបវរកញ្ញា USA ដែលជាម្ចាស់មកុដនាឆ្នាំ ២០២២។ នៅក្នុងការប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំលើកទី ៧២ នេះ គេឃើញបណ្ដាបេក្ខភាពមកពីជុំវិញពិភពលោកសុទ្ធតែខ្លាំង និង មានថាមពលខ្លាំងមិនថាទ្វីបអាស៊ី អាហ្វ្រិក ឬ អឺរ៉ុប អាមេរិកនោះទេ។
យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍កម្ពុជា ចន សុទីម៉ា វិញ ខណៈនេះហាក់មានការប្រជាប្រិយភាពខ្លាំងដោយពេលនេះផ្ទុះការចាប់អារម្មណ៍ពីសំណាក់បរទេស គឺថាពីមួយវគ្គទៅមួយវគ្គមិនដែលធ្វើឱ្យមហាជនខ្មែរខកបំណងឡើយ។
អ្វីដែលសំខាន់នៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះ កម្មវិធីនឹងឈានដល់វគ្គប្រកួតបឋមដែលជាការប្រកួតវគ្គដំបូង។ ក្នុងនោះ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Universe បានរៀបចំសមឆាកដើម្បីឱ្យបេក្ខភាពទាំងអស់ងាយស្រួលពេលប្រឡង។
ទន្ទឹមនឹងការសមឆាកនេះដែរ គេសង្កេតឃើញថាបវរកញ្ញាខ្មែរ ចន សុទីម៉ា ដើរដោយភាពជឿជាក់ មានទំនុកចិត្ត និង ពេញដោយថាមពល ដែលទាំងអស់នេះបានធ្វើឱ្យមហាជនខ្មែរដាក់ក្តីរំពឹងកាន់តែខ្ពស់ថាឆ្នាំនេះនាងច្បាស់ជាបើកទ្វារឱ្យកម្ពុជាជាក់ជាពុំខាន៕