Mark ទម្លាយអារម្មណ៍នេះឡើង ក្រោយ Mint សង្សារចាស់ទៅចូលរួមមង្គលការ
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាសម្ដែងប្រុសស្រីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង ស្រីស្រស់ Kimberley បានកាន់ដៃគ្នាចូលរោងការជាលើកទី ២ ហើយក្រោយពីរៀបការលើកទីមួយបានរយៈពេល ២ ខែ នៅប្រទេសអ៊ីតាលី។
ជាមួយនឹងមង្គលការលើកទី ២ នៅក្នុងទឹកដីកំណើតនេះ គេឃើញថាតារាសម្ដែងប្រុស Mark និង ស្រីស្រស់ Kimberley បានរៀបចំយ៉ាងធំគគ្រឹកគគ្រេង ដោយបានតុបតែងរោងជ័យដោយផ្កាកុលាបសតំណាងឱ្យសេចក្តីស្រឡាញ់ដ៏ស្មោះសរស្រស់រាប់ម៉ឺនទងតាំងពីមុខរោងដល់ខាងក្នុងរោង ហើយសូម្បីតែឈុតសម្លៀកបំពាក់កូនកំលោះក្រមុំក៏ប្រណីត និង ស៊ីវីល័យមិនធម្មតាដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងមង្គលការយ៉ាងអធិអធមនោះ គេក៏ឃើញមានកំពូលតារាសម្ដែង តារាចម្រៀងថៃល្បីៗចូលជារួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ សូម្បីតែតារាសម្ដែងស្រី Mint Chalida ដែលជាអតីតសង្សារចាស់របស់កូនកំលោះ គឺតារាសម្ដែងប្រុស Mark ក៏បានទៅចូលរួមអបអរមង្គលការដែរ។
ទន្ទឹមនឹងឃើញវត្តមានតារាស្រី Mint ចូលរួមដូច្នោះ បាននាំឱ្យមហាជននាំគ្នារំឭកទៅរឿងអតីតរបស់ Mark ព្រោងព្រាត តែយ៉ាងរឿងអតីតក៏នៅជារឿងអតីតមិនអាចកែប្រែឡើយ។ ជាមួយគ្នានោះ ងាកមកមើលតារាសម្ដែង Mark វិញ ក្រោយរឿងរ៉ាវចាស់ត្រូវគាស់កកាយឡើងវិញ បន្ទាប់រៀបការចប់លោកក៏បានទម្លាយក្នុងបទសម្ភាសថា ៖ «វាជារឿងធម្មតា លោកបានឆ្លងកាត់រឿងរ៉ាវមកច្រើនហើយ អ្វីដែលសំខាន់ លោក និង អតីតសង្សារក៏បានដោះស្រាយរឿងគ្រប់យ៉ាងចប់សព្វគ្រប់ដែរ។ ណាមួយម្នាក់ៗសុទ្ធតែធំៗអស់ហើយ រឿងរ៉ាវអតីតបោះវាចោល ពេលនេះត្រូវដើរទៅមុខ ហើយមហាជនជាច្រើនក៏សប្បាយចិត្តនៅពេលដែលលោក និង អតីតសង្សារនៅតែរាប់អានគ្នា»៕