រ៉េត សារីតា ជូនដំណើរប្អូនស្រី រ៉េត ស្រីនាថ ឡើងយន្តហោះទៅប្រកួតនៅម៉ាឡេស៊ី ផ្ដល់កម្លាំងចិត្តយ៉ាងកក់ក្ដៅ
ពិតណាស់ កញ្ញា រ៉េត ស្រីនាថ Miss CosmoWorld Cambodia 2023 ដែលតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss CosmoWorld 2023 ដោយកម្មវិធីនឹងរៀបចំឡើងនៅប្រទេសម៉ាឡេស៊ីឆាប់ៗនេះ។
យ៉ាងណាមិញ រ៉េត ស្រីនាថ ក៏បានត្រៀមខ្លួនរួចជាស្រេច និង ធ្វើការហ្វឹកហាត់យ៉ាងសកម្មភាព ពោរពេញដោយភាពជឿជាក់ ក្លាហានមុះមុត ក្នុងការតំណាងឱ្យកម្ពុជាចូលប្រកួតលើឆាកមួយនេះ និង ពេញដោយក្ដីសង្ឃឹមថានឹងអាចនាំលទ្ធផលល្អមកមាតុភូមិវិញ។
ដោយឡែក នៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ រ៉េត ស្រីនាថ ក៏បានឡើងយន្តហោះធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីហើយ ដែលឃើញថាមានវត្តមានបងប្អូន សាច់ញាតិ និង បវរកញ្ញារៀមច្បងក៏បានធ្វើការជូនដំណើរ និង ជូនពរដល់នាងផងដែរ។
ក្នុងនោះ ក៏បានឃើញបងស្រីបង្កើតរបស់បវរកញ្ញារូបនេះ គឺកញ្ញា រ៉េត សារីតា បានទៅជូនដំណើរប្អូនស្រីឡើងយន្តហោះដែរ ដោយនាងបានជូនពរផ្ដល់កម្លាំងចិត្តប្អូនស្រីយ៉ាងកក់ក្ដៅ។ ក្នុងនោះ រ៉េត សារីតា បានរៀបរាប់ថា ៖ «ជូនពរប្អូនស្រីបណ្តូលចិត្តខ្ញុំជោគជ័យលើវេទិកាអន្តរជាតិមួយនេះ»។
ក្រឡេកទៅមើល មហាជនក៏ដូចជាអ្នកគាំទ្រវិស័យបវរកញ្ញាជាច្រើន ក៏កំពុងតែធ្វើការជូនពរ និង ផ្ដល់កម្លាំងដល់បវរកញ្ញារូបនេះ ឱ្យទទួលបានជោគជ័យលើឆាកអន្តរជាតិមួយនេះផងដែរ៕