ធ្ងន់-ក! Angela Baby លក់វីឡាបន្ទាន់ ហើយត្រូវបុគ្គលិករត់ចោលលែងចង់ពាក់ព័ន្ធ ក្រោយផុងខ្លួនក្នុងរឿងទៅមើល Lisa នៅបារាំង
ចាប់តាំងពីតារាសម្ដែងស្រីចិន Angela Baby បានផុងខ្លួនក្នុងរឿងអាស្រូវលួចទៅមើលការសម្ដែងសិចស៊ីរបស់ Lisa សមាជិក BLACKPINK នៅទីក្រុងប៉ារីស ប្រទេសបារាំង ពេលនេះនាងបានបាត់បង់ការងារក្នុងសិល្បៈស្ទើរតែទាំងស្រុង ដោយមិនអនុញ្ញាតបង្ហាញមុខនៅលើទូរទស្សន៍ និង កម្មវិធីកម្សាន្តនានា ព្រមទាំងបណ្តាញសង្គមពេញនិយមក្នុងប្រទេសចិន Weibo ផងដែរ។
ក្នុងនោះដែរ បើតាមស្ថានភាពបច្ចុប្បន្នរបស់តារាស្រីរូបនេះ ត្រូវបានគេនិយាយថា បុគ្គលិក និង អ្នកគ្រប់គ្រងរបស់នាងក្នុងអាជីវកម្ម បានរត់ចោលនាងទៅរកការងារថ្មីរៀងៗខ្លួន ដោយសារតែមិនចង់យកខ្លួនទៅលំបាកនឹងរឿងអាស្រូវរបស់ថៅកែ។
លើសពីនេះ បើតាមការចុះផ្សាយរបស់ Ettoday ក៏បានចុះផ្សាយទៀតថា Angela Baby បានលក់វីឡាមួយរបស់នាងនៅទីក្រុងប៉េកាំង ក្នុងតម្លៃ ៦៨ ៩០០ ដុល្លារអាមេរិក ហើយការលក់វីឡាបន្ទាន់របស់តារាស្រីរូបនេះ ត្រូវបានមហាជនសង្ស័យថា អាចមកពីនាងជួបវិបាកផ្នែកហិរញ្ញវត្ថុ។
ជាមួយគ្នានោះដែរ បើតាមការចុះផ្សាយមួយផ្សេងទៀតរបស់ Sina ក៏បាននិយាយដែរថា Angela Baby បានជួបផលវិបាកខ្លាំងក្នុងអាជីពសិល្បៈរបស់នាង ព្រោះកន្លងមកនាងតែងតែមានទំនាក់ទំនងល្អៗជាមួយនឹង CEO ម៉ាកល្បីៗ ប៉ុន្តែក្រោយពីនាងជាប់ខ្លួនក្នុងរឿងអាស្រូវទៅមើលកម្មវិធី Crazy Horse ហើយ ការងារថតពាណិជ្ជកម្មទាំងអស់របស់នាងត្រូវបានផ្អាកបណ្តោះអាសន្នតែម្ដង៕