ទីបំផុត! បវរកញ្ញាភពផែនដី អាហ្វហ្គានីស្ថាន ទទួលបានការជួយពីអ្នករចនាម៉ូដ សុផល កាត់ដេរហើយ
ខណៈនេះកម្មវិធីប្រកួតសម្រស់ដ៏ធំប្រចាំឆ្នាំដែលជាការបង្កើតរបស់កូនខ្មែរ Miss Planet International កំពុងតែបើកឆាកប្រកួតហើយ ដោយមានបេក្ខភាពជិត ៥០ ប្រទេសចូលរួម។ សម្រាប់ការប្រកួតនាឆ្នាំនេះ គេសង្កេតឃើញថាបេក្ខភាពនីមួយៗ សុទ្ធតែខ្លាំងៗ និង ស្រស់ស្អាតមិនចាញ់គ្នាឡើយ។
ដោយឡែក កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ មានគណនីហ្វេសប៊ុកផេកបវរកញ្ញាមួយបានបង្ហោះពីភាពលំបាករបស់បេក្ខភាពប្រកួត Miss Planet ប្រទេសអាហ្វហ្គានីស្ថាន ដែលមកប្រកួតនៅប្រទេសកម្ពុជា តែពុំមានសម្លៀកបំពាក់គ្រប់គ្រាន់ ដែលនេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការរំជួលចិត្តជាខ្លាំង ព្រោះអាណិតបេក្ខភាពប្រកួតដែលមកឆ្ងាយហើយខ្វះលទ្ធភាព។
យ៉ាងណាមិញ ដោយមើលឃើញពីភាពលំបាក សុផល កាត់ដេរ ដែលជាអ្នកច្នៃម៉ូដដ៏ល្បីនៅប្រទេសខ្មែរបានជួយឧបត្ថម្ភឈុតដល់បវរកញ្ញាប្រទេសអាហ្វហ្គានីស្ថាន ដែលរឿងរ៉ាវនេះបានធ្វើឱ្យមហាជនខ្មែររំភើបចិត្តជាខ្លាំង ព្រោះថាខ្មែរជាជនជាតិមួយដែលមានទឹកចិត្តដូចដែលគេតែងនិយាយថាប្រទេសតូចតែបេះដូងធំ៕