អធិអធមណាស់! ការលើកទី ២ Mark និង Kimberley តុបតែងរោងរំលេចផ្កាកុលាបរាប់ម៉ឺនទង
កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ តារាសម្ដែងប្រុសស្រីដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Mark Prin និង ស្រីស្រស់ Kimberley បានកាន់ដៃគ្នាចូលរោងការជាលើកទី ២ ហើយក្រោយពីរៀបការលើកទីមួយបានរយៈពេល ២ ខែប្រទេសអ៊ីតាលី។
ជាមួយនឹងមង្គលការលើកទី ២ នៅក្នុងទឹកដីកំណើតនេះគេឃើញថាតារាសម្ដែងប្រុស Mark និង ស្រីស្រស់ Kimberley បានរៀបចំយ៉ាងធំគគ្រឹកគគ្រេង ដោយបានតុបតែងរោងជ័យដោយផ្កាកុលាបសតំណាងឱ្យសេចក្តីស្រឡាញ់ដ៏ស្មោះសរស្រស់រាប់ម៉ឺនទងតាំងពីមុខរោងដល់ខាងក្នុងរោង ហើយសូម្បីតែឈុតសម្លៀកបំពាក់កូនកំលោះក្រមុំក៏ប្រណីត និង ស៊ីវីល័យមិនធម្មតាដែរ។
យ៉ាងណាមិញ ទន្ទឹមនឹងមង្គលការយ៉ាងអធិអធមនោះ គេក៏ឃើញមានកំពូលតារាសម្ដែង តារាចម្រៀងថៃល្បីៗចូលជារួមជាភ្ញៀវកិត្តិយសយ៉ាងច្រើនផងដែរ។ ជាពិសេស ងាកទៅមើលមហាជនតាមបណ្ដាញសង្គមហ្វេសប៊ុក Tik Tok និង អ៊ីនស្តាក្រាមវិញបាននាំគ្នាបង្ហោះរូបភាពឱ្យពរជ័យដល់គូស្វាមីភរិយា Mark និង Kimberley ព្រោងព្រាត៕