១៩ ឆ្នាំហើយ ករុណា ពេជ្រ នៅដឹងគុណ សេន រ៉ានុត គ្មានថ្ងៃភ្លេច រហូតត្រឡប់មកធ្វើរឿងមួយទាល់តែបាន
ថ្មីៗនេះ តារាចម្រៀង ករុណា ពេជ្រ បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីលោក បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាពជួបជុំជាមួយតារាប្រុសដ៏ល្បីល្បាញ សេន រ៉ានុត និងក្រុមគ្រួសាររបស់លោក នៅលើទឹកដីសហរដ្ឋអាមេរិក។
មិនត្រឹមតែបង្ហាញពីទិដ្ឋភាពនៃការជួបជុំគ្នា ក្នុងនាមជាសិល្បកររបស់ខ្មែរដូចគ្នាតែ ក្នុងនោះ ករុណា ពេជ្រ ក៏បានទម្លាយនូវរឿងរ៉ាវកាលពី ១៩ ឆ្នាំមុន ដែលលោកធ្លាប់ទទួលគុណស្រ័យពីលោក សេន រ៉ានុត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
តាមការរៀបរាប់របស់ ករុណា ពេជ្រ កាលពី ១៩ ឆ្នាំមុន ពោលគឺនៅកំឡុងឆ្នាំ ២០០៤ លោកបានទៅច្រៀងនៅតាមខេត្ត ដែលកាលនោះ ករុណា ពេជ្រ មិនទាន់មានលទ្ធភាពមានមធ្យោបាយធ្វើដំណើរដូចកំពូលតារាល្បីៗមួយចំនួនឡើយ ទើបលោកត្រូវរង់ចាំ ៣ ទៅ ៤ ម៉ោង ដើម្បីជិះឡានទៅច្រៀងជាមួយក្រុមការងារ។
ពេលច្រៀងចប់ ក្នុងនាមជាអ្នកច្រៀងកំដរឆាក ករុណា ពេជ្រ ត្រូវអង្គុយរង់ចាំរហូតដល់ការប្រគំតន្រ្តីចប់ ដើម្បីជិះឡានជាមួយក្រុមការងារត្រឡប់ទៅភ្នំពេញវិញ។ ក្នុងកំឡុងពេលរង់ចាំនោះ សេន រ៉ានុត ដែលជាកំពូលតារាល្បីកាលជំនាន់នោះ ក៏បានចូលទៅសួរនាំ ករុណា ពេជ្រ ច្រៀងចប់ហើយហេតុអ្វីមិនត្រឡប់ទៅផ្ទះ ហើយកាលនោះ ករុណា ពេជ្រ ក៏និយាយរៀបរាប់តាមដំណើរ។ ដោយឡែកអ្វីដែល ករុណា ពេជ្រ រំភើបខ្លាំងបំផុត គឺ សេន រ៉ានុត បានបបួលលោកជិះឡានត្រឡប់មកភ្នំពេញជាមួយគ្នា ព្រោះថាកាលនោះ លោកក៏ទៅច្រៀងក្នុងការប្រគំតន្រ្តីនោះជាមួយគ្នាដែរ ហើយលើសពីនេះ សេន រ៉ានុត ក៏បានប្រាប់ ករុណា ពេជ្រ ថា លើកក្រោយៗ ចាំមកជាមួយគាត់មិនចាំបាច់រង់ចាំជិះឡានជាមួយក្រុមការងារទេ។
តាំងពីពេលនោះមក អ្នកទាំងពីរមិនសូវបានជួបគ្នាទេ ព្រោះថា សេន រ៉ានុត បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក ទើបតែថ្មីៗនេះ ករុណា ពេជ្រ បានណាត់ជួប លោក សេន រ៉ានុត នៅលើទឹកដីសហរដ្ឋអាមេរិក ហើយលោកក៏រៀបរាប់នូវដំណើររឿងទាំងអស់នោះប្រាប់ សេន រ៉ានុត នៅចំពោះមុខភរិយា និង ឪពុកក្មេករបស់លោកអស់ពីចិត្ត ប្រកបដោយក្ដីគោរព និង អរគុណជាទីបំផុត៕