ប៉ូលិសសង្ស័យ G-Dragon កោររោមគ្រប់កន្លែងលើខ្លួន មានចេតនាបំផ្លាញភស្តុតាងធ្វើតេស្តពាក់ព័ន្ធគ្រឿងញៀន
ព័ត៌មានដែលបានចុះផ្សាយថា G-Dragon កំពុងត្រូវបានប៉ូលិសមានការសង្ស័យបានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ អស់រយៈពេលជាងកន្លះខែមកនេះ សម្រាប់ព័ត៌មានទាក់ទងនឹងកំពូលតារារ៉េប K-Pop រូបនេះ នៅតែក្លាយជាប្រធានបទក្តៅគគុករបស់ក្រុមអ្នកគាំទ្រទូទាំងអាស៊ី។
យ៉ាងណាមិញ កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក៏មានសារព័ត៌មានធំៗក្នុងប្រទេសកូរ៉េ បានចុះផ្សាយព្រាងព្រាតព្រមៗគ្នាថា ប៉ូលិសកំពុងដាក់ការសង្ស័យថា មេក្រុម BIGBANG រូបនេះ មានចេតនាបំផ្លាញភស្តុតាងគេចពីបទឧក្រិដ្ឋនេះ។
ជាក់ស្ដែងកាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រុមប៉ូលិសជំនាញបានយកក្រចកដៃ ទឹកនោម និង រោមលើដងខ្លួនរបស់ G-Dragon ដើម្បីធ្វើតេស្តយ៉ាងស៊ីជម្រៅ ប៉ុន្តែជាឧបសគ្គធំមួយរបស់ប៉ូលិស គឺតារារ៉េបប្រុសរូបនេះបានកោររោមលើដងខ្លួនរបស់លោកអស់ហើយ មានតែសរសៃសក់របស់លោកប៉ុណ្ណោះ។
ទើបបានជាប៉ូលិសដាក់ការសង្ស័យថា G-Dragon កំពុងចង់បំបិទភស្តុតាងសំខាន់គេចពីការចោទប្រកាន់ថាបានប្រើប្រាស់សារធាតុញៀន។ ទោះជាយ៉ាងណា ជុំវិញការសង្ស័យរបស់ប៉ូលិស G-Dragon ក៏បានបដិសេធភ្លាមៗដែរថា ៖ «តាមពិត តាំងពីដើមឡើយខ្ញុំមានទម្លាប់កោររោមដងខ្លួនរបស់ខ្ញុំចេញ ប៉ុន្តែវាមិនមានហេតុផលណាដែលខ្ញុំត្រូវបំបិទភស្តុតាងបានទេពីការប្រើប្រាស់គ្រឿងញៀន»។
យ៉ាងណាក៏ដោយ មកទល់ពេលនេះនៅមិនទាន់ដឹងទៀតទេ G-Dragon ត្រូវប៉ូលិសកោះហៅជាលើកទីពីរឬក៏អត់ បន្ទាប់ពីលោកបានចូលខ្លួនធ្វើតេស្តសរសៃសក់ ទឹកនោម និង ក្រចកដៃ ដើម្បីឱ្យយកទៅតេស្តនៅឯវិទ្យាស្ថានកោសល្យវិច្ច័យជាតិកូរ៉េ៕