កាន់តែច្បាស់! សុខ សីឡាលីន និង ប៉ូលិសរូបសង្ហាអាចជាគូស្នេហ៍ ពេលឃើញបណ្ដើរពេញមុខក្នុងថ្ងៃមង្គល ចំរើន សុភ័ក្រ្ត
ចំពោះតារាចម្រៀងស្រី សុខ សីឡាលីន មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យសិល្បៈនោះទេ រីឯជីវិតឯកជនរបស់នាងក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់នាង ដែលកន្លងមកមិនធ្លាប់បានឃើញបង្ហាញពីចំណងស្នេហ៍ជាមួយបុរសរូបណាឡើយ ដោយធ្វើឱ្យអ្នកគាំទ្រតែងទន្ទឹងចាំមើលថាបុរសរូបណាដែលអាចឆក់យកបេះដូងរបស់តារាស្រីរូបនេះ។
យ៉ាងណាមិញ កាលពីមួយរយៈមុនកន្លងទៅ លើគណនីហ្វេសប៊ុកផេករបស់កញ្ញា សុខ សីឡាលីន បានបង្ហោះរូបភាពជាច្រើនសន្លឹកខណៈទៅវត្តអារាម ដែលក្នុងនោះមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងចំពោះរូបភាពមួយសន្លឹករបស់នាងជាមួយនឹងបុរសរូបសង្ហាម្នាក់ថតជាគូជាមួយគ្នាយ៉ាងសមសួន។
ជាមួយគ្នានោះ ក្រោយឃើញរូបភាពជាគូយ៉ាងសមសួនក្នុងវត្តបែបនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនរបស់ សុខ សីឡាលីន ធ្វើការបញ្ចេញមតិព្រោងព្រាតដោយបានសម្ដែងនូវអារម្មណ៍រំភើប និង អ្នកខ្លះធ្វើការសាទរគ្រប់គ្នា ព្រោះអ្នកគាំទ្រភាគច្រើនបានគិតថាអាចជាម្ចាស់បេះដូងរបស់តារាចម្រៀងស្រីរូបនេះ។
លើសពីនេះ ខណៈឃើញមានការចាប់អារម្មណ៍ និង សួរនាំចំពោះរូបភាពនេះពីមហាជនអ្នកគាំទ្រជាច្រើន តារាចម្រៀងស្រីរូបនេះក៏បានបញ្ជាក់ឱ្យដឹងថា បុរសរូបនោះត្រូវជាអ្នកធ្វើការងារជាប៉ូលិសដូចនាងដែរ ប៉ុន្តែទោះជា សុខ សីឡាលីន ធ្វើការបញ្ជាក់បែបនេះ ក៏មហាជនអ្នកគាំទ្រភាគច្រើននៅតែគិតថាអ្នកទាំងពីរមានទំនាក់ទំនងពិសេសនឹងគ្នាផងដែរ។
ដោយឡែក ថ្មីៗនេះ តារាចម្រៀងស្រី សុខ សីឡាលីន កាន់តែធ្វើឱ្យមហាជនអ្នកគាំទ្រច្បាស់ពីទំនាក់ទំនងរវាងនាង និង បុរសរូបសង្ហាជាប៉ូលិសរូបនោះថាជាគូស្នេហ៍នឹងគ្នា ក្រោយពីបានឃើញកញ្ញាបណ្ដើរគ្នាចូលរួមកម្មវិធីមង្គលការតារាចម្រៀង ចំរើន សុភ័ក្រ្ត យប់មិញ ដោយបានថតរូបជាគូយ៉ាងស័ក្តិសមគ្នា ធ្វើឱ្យអ្នកគាំទ្ររំភើបអរជំនួសផងដែរ៕