អ្នកគាំទ្រផ្ទុះការវែកញែក រឿង G-Dragon បើកឡាន BMW អត់យកឡានទំនើបផ្សេង ជិះទៅប៉ុស្តិ៍ប៉ូលិស
កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ ស្តេចរ៉េប G-Dragon បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសក្រុងសេអ៊ូល សហការជាមួយនឹងប៉ូលិស ដើម្បីស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ក្នុងនោះដែរ លទ្ធផលតេស្តរកសារធាតុញៀនរបស់តារាប្រុសរូបនេះ ដោយជំហានដំបូងបានបង្ហាញថា «អវិជ្ជមាន» ប៉ុន្តែប៉ូលិសនៅតែបន្តយកសរសៃសក់ និង តេស្តទឹកនោម របស់លោក ទៅកាន់វិទ្យាស្ថានជាតិកោសល្យវិច្ច័យ ដើម្បីធ្វើលទ្ធផលតេស្ដឱ្យកាន់តែស៊ីជម្រៅ។
ទោះជាយ៉ាងណា ក្រៅពីការបង្ហាញខ្លួនលើកដំបូងរបស់ G-Dragon នៅប៉ុស្តិ៍ប៉ូលិសហើយ មហាជនភាគច្រើនក៏ចាប់អារម្មណ៍ខ្លាំងទៅលើឡានរបស់លោកដែលបានបើកមកកាន់ប៉ុស្តិ៍ប៉ូលិសក្រុងសេអ៊ូលផងដែរ។
តារាចម្រៀងប្រុសរូបនេះ បានបើកឡានម៉ាក BMW តម្លៃ ១៥៣ ៥០០ ដុល្លារអាមេរិក ជាហេតុធ្វើឱ្យមហាជនមានការងឿងឆ្ងល់ជាខ្លាំងថា តើហេតុអ្វីបានជាលោកមិនជិះឡានទំនើប ដូចជា Rolls-Royce Ghost តម្លៃ ៦០០ ០០០ ដុល្លារ និង Lamborghini Aventador ដែលមានតម្លៃ ៥៦០ ០០០ ដុល្លារ។
ទោះជាយ៉ាងណា ឆ្លើយតបនឹងមតិសាធារណជន បើតាមការឱ្យដឹងពី Wikitree បាននិយាយថា G-Dragon អាចមានចេតនាចង់រើសយកឡាន BMW មួយនេះ ក៏ដោយសារតែមួយរយៈចុងក្រោយនេះ លោកបានជាប់ខ្លួនក្នុងរឿងអាស្រូវគ្រឿងញៀន ទើបមិនចង់ឱ្យប៉ះពាល់ដល់ក្រុមហ៊ុនរថយន្តផ្សេងៗ៕