(វីដេអូ) G-Dragon ដើរចេញពីប៉ុស្តិ៍ប៉ូលិសមុខរីកដូចគ្រាប់ជី ក្រោយត្រូវសួរចម្លើយ ៤ ម៉ោងពាក់ព័ន្ធនឹងគ្រឿងញៀន
កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្តេចរ៉េប G-Dragon មេក្រុម BIGBANG បានបង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសក្រុងសេអ៊ូល ដើម្បីចូលរួមសហការក្នុងការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជាមួយនឹងប៉ូលិស ក្រោយពីមានពាក្យចចាមអារ៉ាមថា លោកបានប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ការបង្ហាញខ្លួនរបស់ស្តេចរ៉េប K-Pop រូបនេះ បានកក្រើកគ្រប់បណ្តាសារព័ត៌មាន និង ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងប្រទេសកូរ៉េ និង ក្រៅប្រទេស រួមទាំងក្រុមអ្នកគាំទ្រទូទាំងអាស៊ីរបស់លោក បានផ្តោតការចាប់អារម្មណ៍ និង តាមដានយ៉ាងខ្លាំង ចំពោះរឿងអាស្រូវដែលអាចធ្វើឱ្យ G-Dragon បាត់បង់មុខមាត់ក្នុងអាជីពសិល្បៈ ១៧ ឆ្នាំរបស់លោកត្រឹមមួយប៉ប្រិចភ្នែក។
ទោះជាយ៉ាងណា បន្ទាប់ពីការស៊ើបអង្កេតសាកសួរចម្លើយរវាង G-Dragon និង ប៉ូលិសដែលចំណាយពេលប្រហែល ៤ ម៉ោង ហើយការដើរចេញយ៉ាងមានភាពជឿជាក់របស់តារាប្រុសរូបនេះ ហាក់ដូចជាបង្ហាញថា លោកគ្មានកំហុស និង មិនពាក់ព័ន្ធនឹងគ្រឿងញៀនដូចការចោទប្រកាន់។
ជាមួយគ្នានោះដែរ បន្ទាប់ការស៊ើបអង្កេតធ្វើតេស្តទឹកនោម និង សរសៃសក់របស់ G-Dragon ជំហានដំបូងនៃការធ្វើតេស្តរកសារធាតុញៀន គឺ «អវិជ្ជមាន»។
ហើយសាមីខ្លួនផ្ទាល់ក៏បាននិយាយចំពោះអ្នកសារព័ត៌មានដែរថា៖ «ខ្ញុំបានសហការយ៉ាងពេញលេញ ស្ម័គ្រចិត្តចូលខ្លួនបំភ្លឺដោយមិនបាច់ផ្តល់វត្ថុតេស្តដែលប៉ូលិសត្រូវការនោះទេ។ សង្ឃឹមថា ទីភ្នាក់ងារស៊ើបអង្កេតនឹងធ្វើសេចក្តីថ្លែងការណ៍ជាផ្លូវការក្នុងពេលឆាប់ៗនេះ ហើយប្រកាសលទ្ធផលត្រឹមត្រូវដោយយុត្តិធម៌»៕
ទស្សនាវីដេអូខាងក្រោមនេះ៖