បេះដូងជាម្ដាយ! ខាត់ សុឃីម និយាយទាំងរំភើបទៅកាន់កូនប្រុសច្បង ក្នុងថ្ងៃប្រឡងបាក់ឌុប
អូន Sky កូនប្រុសច្បងរបស់តារាចម្រុះទេពកោសល្យ អ្នកនាង ខាត់ សុឃីម ពេលនេះបានធំពេញរូបពេញរាង ក្លាយជាកំលោះសង្ហាមួយរូប ហើយឆ្នាំ ២០២៣ នេះ ក៏ជាឆ្នាំដែលកូនប្រុសច្បងរបស់តារាស្រីដ៏ល្បីល្បាញរូបនេះ ប្រឡងមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ នេះ។
មុនធ្វើដំណើរទៅកាន់មណ្ឌលប្រឡង ក្នុងនាមជាម្ដាយ អ្នកនាង ខាត់ សុឃីម បានរៀបរាប់ពាក្យពេចន៍ជូនពរកូនប្រុសជាទីស្រឡាញ់ឱ្យទទួលបានជោគជ័យ កុំភិតភ័យក្នុងពេលប្រឡង ធ្វើជាកម្លាំងចិត្តដ៏មុតមាំមួយផ្នែកធំដល់កូនប្រុស ឱ្យនាំជ័យជម្នះត្រឡប់មកផ្ទះវិញប្រកបដោយក្ដីសង្ឃឹម។
ក្រៅពីពាក្យពេចន៍ជូនពរផ្ដល់កម្លាំងចិត្តដល់កូនដោយផ្ទាល់ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារជាច្រើន ជូនពរកូនលើបណ្ដាញសង្គមយ៉ាងរំភើបបង្ហាញពីការព្រួយបារម្ភ ស្រឡាញ់យកចិត្តទុកដាក់ចំពោះកូនយ៉ាងខ្លាំងថា ៖ «ម៉ាក់អើយ កូនភ័យ តែឥលូវលែងភ័យហើយ ក្លាហានណាស់ អាកូនឆ្កែ ជោគជ័យកូនប្រុសម្តាយ»។
ទោះបីលទ្ធផលនៃការប្រឡងបែបណា អ្នកនាង ខាត់ សុឃីម បានលើកឡើងយ៉ាងជឿជាក់លើកូនថា ៖ «សម្រាប់ម៉ែ ឪពុក កូននៅតែជាកូនក្មេង ហើយមានម៉ែឪតែងតែឈរនៅពីក្រោយ ចាំផ្ដល់កម្លាំងចិត្ដ ជួយជ្រោមជ្រែងគ្រប់បែបយ៉ាង និង ស្រឡាញ់កូនៗគ្មានថ្ងៃប្រែ»៕