ទើបចូលប្រកួតបាន ៣ ថ្ងៃ ចន សុទីម៉ា ផ្ទុះការចាប់អារម្មណ៍ខ្លាំង រហូតផេកបវរកញ្ញាធំៗទាយថានឹងចូល Top ព្រាត
កាលពីថ្ងៃ ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា បានចេញដំណើរទៅប្រទេស El Salvador ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី ៧២ ឆ្នាំ ២០២៣។
គិតមកដល់ពេលនេះ រយៈពេល ៣ ថ្ងៃហើយ ដែលកញ្ញា ចន សុទីម៉ា បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Universe លើកទី ៧២ ដោយឃើញថាកញ្ញា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងនៅលើទឹកដីប្រទេស El Salvador។
ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះដែរ បវរកញ្ញាកម្ពុជា ចន សុទីម៉ា កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពរបស់នាង ដែលបវរកញ្ញាមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗ ជាដើម។ ជាពិសេស រាល់គណនីហ្វេសប៊ុកផេកល្បីៗបានផ្ទុះការសរសើរ និង បានទស្សន៍ទាយថា ស្រីស្រស់រូបនេះនឹងចូល Top កំពូលណាមួយជាក់ជាពុំខាននាឆ្នាំនេះ៕