មិត្តចាស់ជួបគ្នា! ពោះម៉ាយទាំង ២ សាពូន មីដាដា និង សុវណ្ណ មករា ពិភាក្សារឿងរកប្រពន្ធថ្មី
កាលជំនាន់ឆ្នាំ ២០០០ ស្ដើង ប្រិយមិត្តអ្នកស្រឡាញ់វិស័យសិល្បៈចម្រៀងនៅកម្ពុជា ប្រាកដជាធ្លាប់បានស្ដាប់ ហើយខ្លះក៏ចេះច្រៀងនូវបទចម្រៀងបែបមនោសញ្ចេតនាស្នេហាឈឺចាប់របស់លោក សាពូន មីដាដា ហើយមកដល់បច្ចុប្បន្ននេះ ជឿជាក់ថា ក៏មានប្រិយមិត្តជាច្រើនចងចាំនូវបទចម្រៀងដ៏ពីរោះៗ ពោរពេញដោយអត្តន័យស្នេហាប្រុសស្រីកាលជំនាន់នោះ។
ដ្បិតថា សាពូន មីដាដា ជាសិល្បករផ្នែកចម្រៀង តែលោក និង តារាសម្ដែងប្រុសរូបសង្ហា លោក សុវណ្ណ មករា គឺជាមិត្តសម្លាញ់នឹងគ្នា ព្រោះថាកាលជំនាន់នោះ លោក សុវណ្ណ មករា ក៏ជាតួកុន តួខារ៉ាអូខេ ដ៏ល្បីល្បាញមួយរូប។
ងាកមកមើលជីវិតនាពេលបច្ចុប្បន្នវិញ មិត្តសម្លាញ់ទាំងពីរ សុទ្ធតែជាពោះម៉ាយ ព្រោះថាជីវិតគ្រួសាររបស់ពួកគេ ហាក់មិនសមប្រកបឡើយ។
ខណៈស្ពាយឈ្មោះជាពោះម៉ាយច្រើនឆ្នាំ ស្រាប់តែថ្មីៗនេះ សាពូន មីដាដា បានបង្ហោះរូបថតជាមួយមិត្តសម្លាញ់ សុវណ្ណ មករា ហើយដាក់ Caption បែបលេងសើចបង្ហាញថាអ្នកទាំងពីរកំពុងជជែកពីរឿងស្វែងរកដៃគូជីវិតថ្មីថា ៖ «ពិភាក្សាគ្នាថា សម្លាញ់អើយយើងទាំងពីរនាក់នៅពោះម៉ាយចំណាយតែមាត់គេទេ បើអ៊ីចឹងយើងគិតរកប្រពន្ធតាមភូមិម្នាក់ពីរបីទៅ ទោះមេព្រៅក៏ដោយ មេម៉ាយក៏ដោយកុំខ្វល់»៕