ផ្ទុះសង្គ្រាមពាក្យសម្តី! នាយ ពាក់មី ឆ្លើយផូង ពេលមានគេផុសឱ្យលោកលេងតែកំប្លែង និង មិនឃើញជួយគុនខ្មែរ
ជំនួបគុនខ្មែរលើសង្វៀនប្រកួត រវាងកីឡាករប្រដាល់របស់កម្ពុជា ព្រំ សំណាង និង ស្ដេចប្រដាល់មីយ៉ាន់ម៉ា ដាវ លីឌុច (Dave Leduc) កាលពីរាត្រីថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាក៏ពិតមែន ប៉ុន្ដែមកដល់ពេលនេះ មហាជនចូលចិត្តទស្សនាវិស័យគុនខ្មែរមួយចំនួន នៅតែបន្តបញ្ចេញមតិវែកញែកក្លាយជាប្រធានបទក្ដៅលើបណ្ដាញសង្គមនៅឡើយ។
ជាក់ស្ដែង ក្រោយការប្រកួតបានបញ្ចប់ទៅភ្លាមៗ នាយ ពាក់មី បានបញ្ចេញយោបល់ផ្ទាល់ខ្លួនក្នុងន័យហាក់ខកចិត្តចំពោះកីឡាករ ព្រំ សំណាង ថា ៖ «ខំចាំមើល ព្រំ សំណាង វាយ អត់វាយសោះ ទាត់ជើងគេតិចៗ គេចរហូត?? ឯណាក្បាច់គុនបុរាណខ្មែរ? ម៉េចមិនបញ្ចេញ?»។
ការបង្ហោះរបស់តារាកំប្លែង នាយ ពាក់មី បានធ្វើឱ្យអ្នកស្រឡាញ់វិស័យគុនខ្មែរជាច្រើន បានចូលរួមបញ្ចេញយោបល់ផ្សេងៗគ្នា។ ក្នុងនោះស្រាប់តែមានគណនីហ្វេសប៊ុកមួយ បានបង្ហោះទំនងជាចង់សំដៅដល់នាយ ពាក់មី ឱ្យលោកលេងតែកំប្លែងទៅ ព្រោះថាតារាប្រុសរូបនេះ ក៏មិនឃើញជួយអ្វីលើវិស័យគុនខ្មែរដែរ។
នាយ ពាក់មី បានយកការបង្ហោះរបស់ម្ចាស់គណនីខាងលើ ហើយឆ្លើយតបទៅវិញភ្លាមៗថា ៖ «លេងកំប្លែង អត់ឱ្យមើលប្រដាល់ទេអី? មើលហើយ ឃើញអត់វាយ ថាអត់វាយ និយាយតាមមើលឃើញតើ ខ្ញុំលេងកំប្លែងមិនកើត មិនល្អ ក៏បងប្អូនរិះគន់ដែរ! ហើយទាល់តែខ្ញុំជួយគុនខ្មែរ ទើបមានសិទ្ធិនិយាយបានមែន?»៕