(វីដេអូ) ធុំក្លិន Top បាត់! មួយវីដេអូ MU ហៅ ចន សុទីម៉ា មកថតនេះ ទាញបានការគាំទ្រទាំងក្នុង និង ក្រៅប្រទេសចង់ផ្អៀងហើយ
កាលពីថ្ងៃ ៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ Miss Universe Cambodia 2023 កញ្ញា ចន សុទីម៉ា បានចេញដំណើរទៅប្រទេស El Salvador ដើម្បីតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss Universe លើកទី ៧២ ឆ្នាំ ២០២៣។
មកដល់ពេលនេះ រយៈពេល ៣ ថ្ងៃហើយ ដែលកញ្ញា ចន សុទីម៉ា បាន និង កំពុងស្ថិតក្នុងដំណើរការប្រកួតកម្មវិធីអន្តរជាតិ Miss Universe លើកទី ៧២ ដោយឃើញថាកញ្ញា និង បេក្ខភាពបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងៗកំពុងតែធ្វើការហ្វឹកហាត់ ក៏ដូចជាមានការជួបជុំ និង ធ្វើដំណើរទស្សនកិច្ចរួមគ្នាផ្សេងនៅលើទឹកដីប្រទេស El Salvador។
ក្នុងដំណើរការប្រកួតលើឆាកអន្តរជាតិនេះដែរ បវរកញ្ញាកម្ពុជា ចន សុទីម៉ា កំពុងត្រូវបានមហាជនអ្នកគាំទ្រចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពរបស់នាង ដែលបវរកញ្ញាមានភាពជឿជាក់ ស្វាហាប់ខ្លាំងក្នុងដំណើរការប្រកួតទាំងទំនាក់ទំនង ទាំងការប្រើប្រាស់ភាសាផ្សេងៗ ជាដើម។
លើសពីនេះ បើក្រឡេកទៅចាប់អារម្មណ៍ការរៀបចំខ្លួនវិញ ឃើញថាបវរកញ្ញារូបនេះ បានត្រៀមខ្លួនយ៉ាងល្អទាំងការតុបតែងមុខ និង ឈុតចូលរួមកម្មវិធីនីមួយៗសុទ្ធតែស្រស់ស្អាតលេចធ្លោមិនឱ្យចាញ់បវរកញ្ញាដទៃឡើយ។ ជាពិសេស វីដេអូមួយដែលខាងស្ថាប័ន Miss Universe បានហៅ ចន សុទីម៉ា ថតនោះ គេឃើញនាងបានដើរបង្ហាញខ្លួនយ៉ាងជឿជាក់បំផុត ទាំងការដើរ និង ការលេងទឹកមុខលះខ្លាំង ធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ ដែលពេញចិត្តគាំទ្រ និង រំពឹងកាន់តែខ្លាំងចំពោះនាងថាអាចទទួលបានលទ្ធផលល្អលើឆាកប្រកួតមួយនេះ៕