Angela Baby គាំងងើបមុខក្នុងសិល្បៈលែងរួច ក្រោយផុងខ្លួនក្នុងរឿងអាស្រូវទៅ Crazy Horse នៅបារាំង
ថ្មីៗនេះ តារាសម្តែងស្រីចិន Angela Baby កំពុងប្រឈមមុខនឹងព្យុះដ៏ធំបំផុតក្នុងអាជីពសិល្បៈរបស់នាង មិនធ្លាប់ជួបពីមុន បន្ទាប់ពីនាងជាប់ខ្លួនក្នុងពាក្យចចាមអារ៉ាមថាបានទៅមើលកម្មវិធី Crazy Horse ដែលមានតារាចម្រៀង Lisa ច្រៀងសម្ដែងក្នុងក្លឹបកម្សាន្តមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីចុងខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ។
រហូតមកដល់ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ រលកកម្តៅកាន់តែខ្លាំងឡើង ហើយការប្រឆាំងតវ៉ាពីសាធារណជនក៏ឡើងដល់កម្រិតមិនអាចស្រោចស្រង់បាន ចំពោះការបន្តអាជីពក្នុងសិល្បៈរបស់ Angela Baby ដោយសារតែពេលនេះ នាងត្រូវបានគេហាមប្រាមមិនអនុញ្ញាតឱ្យមានមុខនៅលើ Weibo និង Douyin ដែលជាបណ្តាញសង្គមពេញនិយមក្នុងប្រទេសចិនទៀតនោះទេ។
នេះបើតាមការចុះផ្សាយរបស់ Sina បានឱ្យដឹងថា Angela Baby បានព្យាយាមទទូចសុំឡើងបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តមួយដែលបានរៀបចំធ្វើនៅទីក្រុងសៀងហៃ ប៉ុន្តែនាងត្រូវបានគេបដិសេធដាច់ខាតតែម្ដង ហើយការធ្វើបែបនេះ ធ្វើឱ្យមហាជនកាន់តែច្បាស់ក្នុងចិត្តហើយថា អាជ្ញាធរកំពុងចាត់វិធានការរឹតបន្តឹងលើ Angela Baby មិនឱ្យមានមុខនៅក្នុងវិស័យកម្សាន្តទៀត៕