Lydia បកស្រាយរឿងមហាជនរិះគន់ថា កាន់ជើង Ploy ទម្លាក់កំហុសលើ Claudin
សម្រាប់រឿងរ៉ាវស្នេហារវាងតារាស្រី Ploy Chermarn និង នារីក្រៅសិល្បៈ នាង Claudine ចាប់តាំងពីប្រកាសថាមានទំនាក់ទំនងគ្នាមក ហាក់ត្រូវបានមហាជនអ្នកគាំទ្រចាប់ក្រសែភ្នែកសម្លឹងមើលស្ទើរមិនរំលងមួយសកម្មភាពណាឡើយ រហូតអ្នកគាំទ្រសង្កេតឃើញថា ក្រោយសាងស្នេហ៍ផ្អែមល្ហែមមក ស្រាប់តែសុខៗអ្នកទាំងពីរប្រកាសចែកផ្លូវគ្នាទៅវិញ។
ក្រោយប្រកាសបែកគ្នាភ្លាម តារាស្រី Lydia ដែលជាមិត្តជំនិត Ploy Chermarn បានបង្ហោះសារយ៉ាងដូច្នេះថា ៖ «ស្អាត សិចស៊ី និង នៅទំនេរ! បើសិនមានស្នេហ៍ថ្មី សុំឱ្យជួយស្រឡាញ់បងស្រីម្នាក់នេះ ចិត្តមួយនឹងមួយផង ស្រឡាញ់បែបច្បាស់លាស់ ស្រឡាញ់ហើយនឹងអាចកាន់ដៃគ្នាចូលរោងការ ព្រោះមិនចង់ឱ្យខាតពេលវេលា។ សង្ឃឹមថាជួបស្នេហ៍ថ្មី ជាស្នេហាដែលមិនធ្វើឱ្យឈឺចាប់ទៀត។ សូមប្រកាសឱ្យដឹងនៅពេលនេះ ព្រោះមិនចង់ឃើញបងស្រីឈឺចាប់គ្រាំគ្រាបន្តទៀត»។ សារមួយនេះធ្វើឱ្យមហាជនរិះគន់នាងស្ពឹកមុខថា ចេះជាងសាមីខ្លួន និង ទម្លាក់កំហុសទៅម្ខាងទៀតទាំងមិនដឹងរឿង។
ទោះយ៉ាងណា ជុំវិញរឿងរ៉ាវនេះដែរ ថ្មីៗនេះអ្នកម៉ាក់កូន ៣ Lydia បានចេញមុខបកស្រាយថា ៖ «ដោយសារតែខ្ញុំបានរម្ភ Ploy ហើយខ្ញុំ និង Ploy ក៏តែងតែចែករំលែកអ្វីជាច្រើនជាមួយគ្នាដែរ ដូច្នេះគាត់ឆ្លងកាត់អ្វីមកខ្លះខ្ញុំក៏ដឹងដូចគ្នា ហើយបើទំនាក់ទំនងនោះធ្វើឱ្យគាត់មានក្តីសុខពួកខ្ញុំក៏មានក្តីសុខ តែថាបើទំនាក់ទំនងនោះធ្វើឱ្យគាត់ខូចចិត្ត ខ្ញុំក៏ព្រម Support និង នៅក្បែរដែរ»។
លើសពីនេះទៅទៀតនោះ Lydia ក៏បន្តទៀតថា ចំពោះរឿងនេះនាងមិនចង់ឱ្យអ្នកទាំងអស់គ្នាកាត់សេក្តីត្រឹមតែវីដេអូខ្លីមួយនោះទេ ហើយនាងក៏បាននិយាយជាមួយ Ploy ដែរ មុននឹងនិយាយអ្វី៕