អ្នកគាំទ្រភ័យបុកពោះ! នាង Lee Si Young តួសម្ដែងក្នុងរឿង F4 កូរ៉េ ស្រាប់តែដួលសន្លប់ដាក់អុកស៊ីហ្សែន
តារាសម្ដែងស្រី Lee Si Young ដែលទស្សនិកជនភាគច្រើនបានស្គាល់នាងនៅពេលដែលបានថតសម្ដែងក្នុងរឿងភាគកូរ៉េដ៏ល្បី «Boys Over Flowers» កាលពីថ្ងៃ ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ បើតាមការចុះផ្សាយរបស់ Wikitree បានឱ្យដឹងថា Lee Si Young បានដួលសន្លប់ភ្លាមៗ ខណៈពេលនាងកំពុងដើរឡើងភ្នំ Himalaya ដោយធ្វើដំណើរថ្មើរជើងអស់ច្រើនម៉ោង។
បើតាមប្រភពដដែលបានបន្តថា តារាសម្ដែងស្រីរូបនេះ ក៏មានជំងឺប្រចាំកាយ ហើយនាងព្យាយាមដើរឡើងភ្នំ Himalaya ជាភ្នំខ្ពស់ជាងគេលើពិភពលោក ធ្វើឱ្យនាងមានបញ្ហាខ្វះអុកស៊ីហ្សែនពិបាកដកដង្ហើម ធ្វើឱ្យមហាជនមានការព្រួយបារម្ភជាខ្លាំង។
ជាមួយគ្នានោះដែរ តារាស្រីរូបនេះក៏បានចែករំលែកបទពិសោធន៍ និង ភាពតស៊ូរបស់នាង និង សមាជិកក្រុមឡើងភ្នំរបស់នាង ដោយនិយាយថា៖ «មនុស្ស ៣ នាក់ក្នុងក្រុមរបស់ពួកយើង មិនអាចដើរបន្តដំណើរឡើងភ្នំខ្ពស់នេះបាន ដោយសារតែកម្រិតអុកស៊ីហ្សែនទាប់ជាង ៥០ ភាគរយ ប៉ុន្តែពួកយើងពិតជាមានភាពរីករាយចំពោះការប្រឹងប្រែងរបស់ពួកយើង សមនឹងទទួលស្គាល់ការពិត»។
លើសពីនេះ នាងថែមទាំងនិយាយទៀតថា៖ «ពួកយើងប្រឈមមុខនឹងបញ្ហាជាច្រើន ប៉ុន្តែការលំបាកទាំងនោះហើយបានជំរុញទឹកចិត្តរបស់យើងឱ្យបន្តដំណើរឡើងភ្នំខ្ពស់ជាងគេលើពិភពលោកនេះ។
ពួកយើងបានរួមគ្នាតស៊ូជំនះឧបសគ្គ ហើយលំបាកជាមួយគ្នា រៀននូវមេរៀនជីវិតជាច្រើន។ ថ្វីដ្បិតតែមានភាពលំបាកជាច្រើនមែន ប៉ុន្តែយ៉ាងណាពួកយើងទាំងអស់គ្នានៅតែមានអារម្មណ៍សប្បាយចិត្ត»។
ទោះយ៉ាងណា Lee Si Young បានធ្វើឱ្យអ្នកគាំទ្រកោតសរសើរដល់នាងជាខ្លាំង ដោយនាងបានបញ្ចេញភាពក្លាហានក្នុងខ្លួនរបស់នាងទាំងអស់ តស៊ូពុះពារឆ្លងកាត់រាល់ឧបសគ្គឡើងភ្នំ Himalaya ខ្ពស់ជាងគេនៅលើពិភពលោក៕