(វីដេអូ) មុនចេញទៅប្រកួត ចន សុទីម៉ា ថាមិនរំពឹងខ្ពស់ តែនឹងប្រឹងឱ្យអស់ពីលទ្ធភាពដើម្បីឈ្មោះកម្ពុជា
នៅដើមខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ កម្មវីធីប្រកួតសម្រស់ចំណាត់ថ្នាក់លេខ ១ ទូទាំងពិភពលោក Miss Universe ចាំផ្តើមបើកឆាកប្រកួតហើយ។ ក្នុងនោះ មកទល់ពេលនេះគេឃើញមានបេក្ខភាពពីបណ្ដាប្រទេសជុំវិញពិភពលោកបានធ្វើដំណើរទៅដល់ទីតាំងប្រកួតនៅប្រទេស El Salvador បណ្តើរៗហើយ។
ដោយឡែក ងាកមកមើលបវរកញ្ញាប្រទេសកម្ពុជាយើងវិញ កញ្ញា ចន សុទីម៉ា នៅរសៀលថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ក៏បានធ្វើដំណើរទៅប្រទេស El Salvador ហើយ ដើម្បីចូលរួមប្រកួតកម្មវិធីអន្តរជាតិដ៏ធំនេះ ដែលទន្ទឹមនឹងធ្វើដំណើរទៅប្រកួតនេះគេក៏ឃើញមានមហាជនជាច្រើនបានទៅជូនដំណើរនាងផងដែរ។
ចំពោះការឆ្ពោះទៅដំណើរការប្រកួតនេះដែរ បវរកញ្ញា ចន សុទីម៉ា បានធ្វើការត្រៀមខ្លួនរួចជាស្រេច ដែលបានហ្វឹកហាត់សមត្ថភាពបន្ថែមទាំងភាសា ទាំងការដើរ ព្រមទាំងការរៀបចំតុបតែងខ្លួនយ៉ាងពេញដោយភាពជឿជាក់មោះមុត។
យ៉ាងណាមិញ មុននឹងចេញទៅប្រកួតនេះដែរ បវរកញ្ញារូបនេះ ក៏បាននិយាយទុកមុនក្នុងកិច្ចសម្ភាសមួយ ដែលកញ្ញាមិនហ៊ានរំពឹងថាទៅប្រកួតទទួលបានតំណែងល្អ ឬ Top ណាមួយជូនប្រទេសនោះទេ ដោយគ្រាន់តែកញ្ញាខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពនៅលើឆាកប្រកួតមួយនេះ។
ក្នុងនោះ ចន សុទីម៉ា បានរៀបរាប់ក្នុងវីដេអូសម្ភាសថា ៖ «ការពិតទៅ ខ្ញុំជឿថាគ្រប់អ្នកគាំទ្រទាំងអស់ មិនថាខ្ញុំ ក៏ដូចជាអ្នកគាំទ្រទេ គឺតែងតែចង់បានរំពឹងនូវ Top ណាមួយជូនប្រទេសកម្ពុជាវិញ ប៉ុន្តែអំឡុងពេលហ្នឹង ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថារាល់ការប្រកួតទាំងអស់ តែងមានឈ្នះ និង ចាញ់ អ៊ីចឹងយើងកុំរំពឹងអីមួយខ្លាំងពេក។ សម្រាប់ខ្ញុំ គឺខ្ញុំដឹងខ្លួនឯងថាខ្ញុំទៅប្រកួតខ្ញុំខំប្រឹងកម្រិតណា ប៉ុន្តែខ្ញុំអត់ចង់ដាក់សម្ពាធឱ្យខ្លួនឯងថាខ្ញុំនឹងទទួលបាននូវចំណាត់ថ្នាក់ដ៏ល្អណាមួយសម្រាប់អ្នកទាំងអស់គ្នាទេ ប៉ុន្តែខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពនៅលើឆាកមួយហ្នឹង»៕