Ploy អៀនព្រានឡើងមុខក្រហម មិននឹកស្មានថា Two Pee មកធ្វើទង្វើមួយកណ្ដាលចំណោមអ្នកកាសែត
ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនៅកំពូលតារាសម្ដែងថៃ Ploy Chermarn ដែលជាតួឯកស្រីជើងចាស់មួយរូបពោរពេញដោយសម្ថតភាព និង ទេពកោសល្យជាច្រើនទៀតខាងផ្នែកសិល្បៈ។
យ៉ាងណាមិញ តារាសម្ដែងស្រីរូបនេះក៏កំពុងធ្វើឱ្យអ្នកគាំទ្រច្រណែននឹងស្នេហារបស់នាងយ៉ាងខ្លាំង បន្ទាប់ពីផ្ដើមស្នេហាជាមួយអ្នកកំលោះរូបសង្ហា Two Pee ជាតារាចម្រៀងរ៉េបដ៏ល្បីមួយរូបនៅប្រទេសថៃ។ ជារឿយៗគេឃើញអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នា ហើយថែមទាំងមានរូបភាពស្វីតៗជាច្រើនថែមទៀតផង។
ដោយឡែក កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងមកនេះ តារាសម្ដែងស្រី Ploy បានចូលរួមកម្មវិធីមួយ ហើយក៏បានផ្ដល់បទសម្ភាសនិយាយពីរឿងការងារ ខណៈពេលនោះសុខៗស្រាប់តែអ្នកកំលោះរូបសង្ហា Two Pee បានដើរចូលមកព្រមជាមួយបាច់ផ្កាមួយបាច់យ៉ាងស្រស់ស្អាត ធ្វើឱ្យតារាសម្ដែងស្រីរូបនេះអៀនយ៉ាងខ្លាំងមុខអ្នកសារព័ត៌មានជាច្រើននាក់។ មិនត្រឹមតែប៉ុណ្ណឹងទេ Two Pee បាននិយាយថា ៖ «ឱ្យខ្ញុំមកធ្វើអីតាំងពីម៉ោង ៣ ស្មានតែមានគ្នា ៥-៦ នាក់ទេ» និយាយចប់ក៏បានហុចផ្កាឱ្យ Ploy ដោយទឹកមុខញញឹម។ ចំណែកឯ Ploy វិញ និយាយពីថាអៀននោះអៀនហើយចុងក្រោយតារាសម្ដែងស្រីរូបនេះក៏បានអរគុណដល់ Two Pee ដែលបានយកបាច់ផ្កាមកឱ្យខ្លួនផងដែរ៕