សោកស្ដាយ! តាមពិត សំណាង អេលីណា បានជាប់ក្នុង Top20 តែខាងកម្មវិធីមិនបានប្រកាស
កាលពីរាត្រីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ កម្មវិធីប្រកួតសម្រស់បវរកញ្ញាដ៏ធំលំដាប់ពិភពលោក Miss International 2023 បានបញ្ចប់ទៅយ៉ាងរលូនហើយ ដោយបានរកឃើញម្ចាស់មកុដថ្មីគឺបានទៅលើរាជិនីកំពូលសម្រស់មកពីប្រទេសវេណេស៊ុយអេឡា (Venezuela) នាង Andrea Rubio ដែលកម្មវិធីនេះ បានប្រារព្ធឡើងនៅទីក្រុង តូក្យូ ប្រទេសជប៉ុន។
ងាកមកបវរកញ្ញារបស់កម្ពុជាយើងវិញ គឺកញ្ញា សំណាង អាលីណា មកដល់ពេលនេះ មហាជនអ្នកស្នេហាវិស័យបវរកញ្ញាជាច្រើន ហាក់នៅតែមិនទាន់អស់ចិត្តនៅឡើយចំពោះនាង ដែលមិនអាចរកបាន Top ណាមួយនៅក្នុងកម្មវិធីប្រកួតសម្រស់មួយនេះ ដោយសារតែ អេលីណា ជាបវរកញ្ញាដែលមានទាំងព្រម មិនថាសមត្ថភាព រូបសម្រស់ ចំណេះដឹង និង ភាសានោះទេ។
រឿងដែលភ្ញាក់ផ្អើល ក្រោយការប្រកួតបានបញ្ចប់ទៅប្រមាណជា ១ សប្ដាហ៍ ស្រាប់តែនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ យប់មិញនេះ គណនីអ៊ីនស្តាក្រាមផ្លូវការរបស់ Miss International បានប្រកាសឈ្មោះបវរកញ្ញាដែលជាប់ Top កំពូល ចំនួន ២០ រូប ក្នុងនោះ បវរកញ្ញា សំណាង អេលីណា របស់កម្ពុជាយើង បានឈរនៅ Top 16 ប៉ុន្ដែនៅលើឆាកមានការប្រកាសឈ្មោះត្រឹម Top 15 ប៉ុណ្ណោះ។
ការអាក់ខានមិនបានប្រកាសឈ្មោះរបស់បវរកញ្ញាកម្ពុជានៅលើឆាកប្រកួត Miss International 2023 បានធ្វើឱ្យបណ្ដាអ្នកស្រឡាញ់វិស័យបវរកញ្ញាជាច្រើន មានការខកចិត្តជាខ្លាំង ព្រោះថា អេលីណា ក៏ជាបេក្ខជនជើងខ្លាំងមួយរូបដែរ៕