កាន់តែក្ដៅ! អ្នកនិពន្ធរៀមច្បង សុខ ជំនោរ បញ្ចេញមតិភ្លាម ក្រោយ La Cima Cartel ចេញលិខិតបញ្ជាក់ពីសិទ្ធិគួរទទួលបាន
កាលពីយប់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ តាមរយៈផេកផ្លូវការរបស់ក្រុមចម្រៀង La Cima Cartel បានចេញសេចក្តីជូនដំណឹងដោយលោក ស៊ីវ រិទ្ធី នាយកប្រតិបត្តិនៃក្រុមចម្រៀងខាងលើ ពាក់ព័ន្ធនឹងការយកបទចម្រៀងសិល្បកររបស់ខ្លួនទៅច្រៀង ដោយមិនបានសុំការអនុញ្ញាត។
តាមរយៈសេចក្តីជូនដំណឹង បានបញ្ជាក់ថាកន្លងមកឃើញសិល្បករ សិល្បការិនីមួយចំនួនទៅសម្តែង ឬ Cover តាមឆាក តូច ធំ Concert និង កម្មវិធីនានាដោយមិនបានជូនដំណឹងជាមុនមកកាន់ក្រុមការងារ La Cima Cartel ឬសុំការអនុញ្ញាតជាមុនសិន។ ចំណុចនេះដែរ ជាហេតុធ្វើឱ្យប៉ះពាល់ដល់សិទ្ធិទទួលបានផលប្រយោជន៍ក្នុងនាមជាអ្នកផលិតស្នាដៃចម្រៀងថ្មីៗ។ លើសពីនោះ លិខិតនោះ ក៏ស្នើដល់សិល្បករ សិល្បការិនីទាំងអស់ នឹងចូលរួមសហការនានា ដើម្បីបង្ហាញការគោរព និងឱ្យតម្លៃស្នាដៃរបស់អ្នកផលិត និង សិល្បករ សិល្បការិនីដទៃទៀត។
ងាកមកកាន់លោក សុខ ជំនោរ ដែលជារៀមច្បងលើវិស័យនិពន្ធក្នុងពិភពសិល្បៈវិញ ក្រោយពីបានឃើញសេចក្តីជូនដំណឹងរបស់ La Cima Cartel ហើយនោះ លោកក៏បានបញ្ចេញមតិនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «ខ្ញុំរីករាយ និង គាំទ្រចំពោះសេចក្តីជូនដំណឹងនេះ! សូមកុំមានការភ្ញាក់ផ្អើល ច្បាប់មានយូរហើយ មិនមែនមិនអនុវត្តទេ តែជាការលើកលែងពីផលិតករ និង បន្ធូរបន្ថយរហូតមកហើយ។ សូម្បីវិទ្យុ ទូរទស្សន៍ កន្លែងលាងឡាន សាឡន (កន្លែងណាក៏ដោយ ឱ្យតែចាក់បទចម្រៀងក្នុងបំណងកំដរអាជីវកម្ម ឬផលចំណេញរបស់ខ្លួន) ធ្លាប់ឃើញទេ? បម្រាមដាក់ថា ចម្រៀងខារ៉ាអូខេសម្រាប់កម្សាន្តក្នុងគ្រួសារ? តែជាក់ស្តែងតាម KTV រំលោភសិទ្ធិអ្នកនិពន្ធ ផលិតករ សិទ្ធិបញ្ញា ដោយគ្មានអើពើពីច្បាប់សោះឡើយ។ ហេតុនេះទើបផលិតករ ត្រូវការការទំនុកបម្រុងបន្ថែមពីគ្រប់ផ្នែកពាក់ព័ន្ធ»៕