ប្តីប្រពន្ធគ្នា ៥ ឆ្នាំហើយ! Rain តួប្រុសរឿង «បំណុលផ្ទះជំពាក់ស្នេហ៍» ទើបទម្លាយមូលហេតុរៀបការជាមួយ Kim Tae Hee
ដូចដែលប្រិយមិត្តអ្នកគាំទ្រប្តី-ប្រពន្ធតារាកូរ៉េដ៏មានប្រជាប្រិយភាព Bi Rain និង Kim Tae Hee បានដឹងមកហើយ មុនសម្រេចរៀបការនឹងគ្នា អ្នកទាំងពីរធ្លាប់ត្រូវបានមតិសាធារណៈជំទាស់មិនចង់ឱ្យស្រឡាញ់គ្នានោះទេ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះ តារាទាំងពីរបានក្លាយជាគ្រួសារគំរូជាងគេក្នុងវិស័យកម្សាន្តកូរ៉េ។
បើទោះជាតារាទាំងពីរបានរៀបការជាមួយគ្នាបាន ៥ ឆ្នាំហើយ មានកូន ២ នាក់ ជាចំណងដៃក៏ពិតមែន ប៉ុន្តែពួកគេនៅតែផ្អែមល្ហែមដាក់គ្នាដូចកាលគូស្នេហ៍ទើបស្រឡាញ់គ្នាថ្ងៃដំបូង ហើយថ្មីៗនេះ Bi Rain ក៏បានទទួលការកោតសរសើរពីមហាជនខ្លាំងផងដែរ ចំពោះទង្វើបញ្ជាក់ពីទំហំក្តីស្រឡាញ់មិនប្រែប្រួលរបស់លោកចំពោះតារាសម្ដែងស្រី Kim Tae Hee ជាភរិយា។
ដោយសារតែនៅក្នុងវីដេអូបទសម្ភាសរបស់ Rain កាលពីពេលថ្មីៗនេះ បាននិយាយអំពីជីវិតរៀបការរបស់លោក ក្រោយពីទទួលបានសំណួរថា ៖ «តើការរៀបការជាមួយនឹងមនុស្សដែលខ្លួនស្រឡាញ់មានអារម្មណ៍យ៉ាងណាដែរ?»។
ភ្លាមនោះ លោកក៏បានឆ្លើយវិញថា ៖ «ប្រាកដណាស់ ពេលដែលខ្ញុំ បានជួបនាង ខ្ញុំមានអារម្មណ៍ច្បាស់ណាស់ថាមនុស្សពិសេសរបស់ខ្ញុំគឺជានាង» ចម្លើយរបស់ Bi Rain បានធ្វើឱ្យអ្នកទស្សនាជាច្រើនស្តាប់ហើយចង់រលាយបេះដូងព្រោះតែភាពផ្អែមល្ហែមខ្លាំងពេករបស់លោក បង្ហាញច្បាស់ៗទៅកាន់សាធារណជនតែម្ដង៕