ក្រោយឃើញដើរលេងនឹងគ្នា ពេលនេះ Bright Norraphat ប្រកាសបែបនេះពីទំនាក់ទំនងខ្លួនជាមួយបវរកញ្ញា Bowky
តារាសម្ដែងថៃរូបសង្ហា Bright Norraphat កំពុងជាតារាមួយរូបដែលគេនាំគ្នាចាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសនោះទៅលើទំនាក់ទំនងស្នេហាជាមួយបរវកញ្ញារូបស្រស់មួយរូប បន្ទាប់ពីពួកគេធ្វើដំណើរកម្សាន្តជាមួយគ្នានៅប្រទេស Georgia រយៈពេល ៧ ថ្ងៃរួចមក។
យ៉ាងណាមិញ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ តារាសម្ដែងប្រុសរូបនេះបានចូលរួមកម្មវិធីមួយ ហើយក៏បានផ្ដល់បទសម្ភាសទាក់ទងទៅនឹងទំនាក់ទំនងស្នេហារបស់ខ្លួនជាមួយបរវកញ្ញារូបស្រស់ឈ្មោះ Bowky Cherisa ដោយមិនចាំយូរ Bright បាននិយាយថា ៖ «បើនិយាយពីឋានៈនៅពេលនេះ ត្រឹមតែជាអ្នកមើលចិត្តគ្នាដដែល ហើយសម្រាប់ការដើរលេងជាមួយគ្នា គឺជាការសិក្សាពីគ្នា និង គ្នា ព្រមទាំងអាចដឹងពីធាតុពិតរបស់ម្នាក់ទៀតបានផងដែរ»។ តារាសម្ដែងប្រុសរូបនេះបានបន្តទៀតថា ៖ «Bowky គឺជាមនុស្សម្នាក់ដែលអាចឆ្លងកាត់ និង ដោះស្រាយបញ្ហាបាន ហើយចំពោះខ្លួនឯងផ្ទាល់គឺចង់រកអ្នកដែលច្បាស់លាស់បែបនេះ»។
ដោយឡែក មុនបញ្ចាប់បទសម្ភាស Bright បន្តនិយាយទៀតថា ៖ «ចំពោះពាក្យថាសង្សារខ្លួនមិនប្រញាប់ប្រើទេ មិនចង់ត្រូវខ្មាសគេទៀត ព្រោះនិយាយហើយក៏ត្រូវបែកគ្នាវិញ ចង់ឱ្យច្បាស់ហើយចាំប្រកាសល្អជាង សម្រាប់អ្នកដែលចង់ចូលមក ខ្លួនសូមប្រកាសថាមិនបើកចិត្តឱ្យអ្នកណាទេ ព្រោះចង់ផ្ដល់កិត្តិយសឱ្យខាងស្រីផងដែរ»៕