សៃ ហ្វុន ប្រតិកម្មខ្លាំង រហូតចោទសំណួរសួរថា តើជាកំហុសទេដែលកើតមកមានអត្តចរិតខុសភេទកំណើត?
កាលពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ កម្មវិធី Cambodia’s Got Talent រដូវកាលទី ៣ បានឈានមកដល់វគ្គ Live Show សប្ដាហ៍ទី ៣ ដែលសប្តាហ៍នោះដែរមហាជនបានកត់សម្គាល់ឃើញរឿងរ៉ាវមួយបានផ្ទុះឡើង។
ជាការពិតណាស់ មានការប្រតិម្មជាច្រើនបានកើតឡើង ក្រោយតារាកប្លែងជើងចាស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ហៅ នាយ ក្រឹម ជាគណៈកម្មការក្នុងកម្មវិធីខាងលើ បានបញ្ចេញមតិមួយចំនួនទៅលើបេក្ខភាពមួយរូបឈ្មោះ ណុប ដាណេ ដែលជាភេទទី ៣ ក្រោយបញ្ចាប់ការបង្ហាញសម្ថតភាពរួច។ ជាមួយគ្នានោះ គេឃើញមានសិល្បករ និង សិល្បការិនី ជាច្រើនបានចេញមុខប្រតិកម្មចំពោះរឿងនេះយ៉ាងច្រើនក្នុងបណ្ដាយសង្គមហ្វេសប៊ុក។
ក្នុងនោះផងដែរ បរវកញ្ញា សៃ ហ្វុន លំដាប់រងទី ១ នៃកម្មវិធី Miss Universe 2023 ក៏បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ខ្លួនដោយចោទជាសំណួរ និង បញ្ចេញអារម្មណ៍របស់ខ្លួនថា ៖ «តើជាកំហុសទេដែលកើតមកមានអត្តចរិតខុសភេទកំណើត? ក្នុងនាមខ្ញុំជាអ្នកប្ដូរយេនឌ័រខ្ញុំសូមការពារនៅភេទរបស់ពួកខ្ញុំ ប្រទេសដែលរីកចម្រើនបំផុតដូចជាប្រទេសមហាអំណាចគឺពោរពេញទៅដោយអ្នកស្រឡាញ់ភេទដូចគ្នា និង អ្នកប្ដូរយេនឌ័រនៅតែរីកចម្រើនខ្លាំងបំផុតគ្រប់វិស័យ ធនធានមនុស្សមិនបានបញ្ជាក់នូវភេទរបស់ពួកគេឡើយ វាអាស្រ័យទៅលើមនុស្ស និង សមត្ថភាពពិតប្រាកដរបស់ពួកគេចំណេះដឹងសីលធម៌ការគោរពដល់អ្នកដទៃ សកម្មភាពទាំងនេះដែលសង្គមជាតិត្រូវការសូមបើកចិត្តទទួលស្គាល់នូវអ្វីដែលពិតប្រាកដរស់នៅក្រោមម្លប់សន្តិភាពត្រូវស្រឡាញ់គ្នាផ្ដល់តម្លៃឲ្យគ្នាទៅវិញទៅមកសូមអរគុណ»៕