ណាក់ ស្រីណា រំភើបចិត្តខ្លាំង ពេលបានក្លាយជាចំណែកសំខាន់មួយក្នុងពិធីមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន
ពិតណាស់ នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣ នេះ មហាជនអ្នកគាំទ្ររបស់តារាស្រីល្បីឈ្មោះកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន កំពុងបង្ហាញការអបអរសារទរខ្លាំង ក្រោយបានឃើញបណ្ដាញសង្គមហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះរូបភាព និង សារ បើកបង្ហាញពីទំនាក់ទំនងរបស់តារាស្រីរូបនេះជាមួយនឹងគូស្នេហ៍ដែលមានឈ្មោះថា ឌី ពេជ្រ។
តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់សម្ដេចបានបញ្ជាក់ឱ្យដឹងថាកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន និង គូស្នេហ៍ ត្រៀមចូលរោងការនៅចុងឆ្នាំនេះហើយ ពោលគឺកំណត់ថ្ងៃរៀបការនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣ នេះ ដែលឪពុកម្តាយខាងប្រុស នឹងរៀបចំចូលស្តីដណ្តឹងខាងស្រីនៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ ស្អែកនេះហើយ។
ក្រោយទទួលដំណឹងនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈជាច្រើន បានផ្ទុះការចែករំលែកលើបណ្ដាញសង្គមភ្ជាប់ជាមួយអារម្មណ៍រំភើប និង អបអរសាទរខ្លាំងចំពោះតារាស្រីរូបនេះ និង គូស្នេហ៍ផងដែរ។
ក្នុងនោះ ក៏បានឃើញតារាសម្ដែងស្រី ណាក់ ស្រីណា ចែករំលែកការបង្ហោះរបស់សម្ដេចភ្ជាប់ជាមួយសារបង្ហាញចិត្តរំភើបខ្លាំង ក្នុងនាមជាមិត្តរបស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ដែលទទួលបានកិត្តិយសពីសម្ដេចពុកចំពោះដំណឹងដ៏ល្អនេះដែរ។
សារនោះ ណាក់ ស្រីណា រៀបរាប់ថា ៖ «ជាមហាកិត្តិយសដ៏ធំធេងបំផុតសម្រាប់កូនៗ ហើយក៏ជាដំណឹងដែលខ្ញុំសប្បាយចិត្តបំផុត នៅពេលដែលឃើញមិត្តទទួលបានសេចក្តីសុខ និង សុភមង្គល ជាពិសេសគឺតម្លៃនៃកិត្តិយសស្ត្រីដែលមិត្តគួរតែទទួលបាន អបអរសាទរមិត្តនារីជាទីស្រលាញ់ Hin Channiroth»។ លើសពីនេះ ក៏បានឃើញកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ចូលឆ្លើយតបក្នុងខមមិនកក់ទុក ណាក់ ស្រីណា ត្រៀមធ្វើជាអ្នកកំដរថ្ងៃមង្គលការរបស់នាងទៀតផង៕