ភិទិ ដឹកដៃគូស្នេហ៍ ឧបត្ថម្ភស៊ីម៉ងត៍រាប់រយបាវ ដល់សាលាបឋមធ្លាប់រៀនពីកុមារភាព នៅខេត្តកំពត
និយាយពីចំណងស្នេហ៍របស់អាយដល ថុល សុភិទិ និង ស្រីស្អាត ម៉ានីន មហាជនអ្នកតាមដានឃើញហើយថាគូស្នេហ៍មួយគូនេះធ្លាប់មានភាពរកាំរកូសគ្នាច្រើនដងដែរ ប៉ុន្តែអ្នកទាំងពីរក៏វិលត្រឡប់ត្រូវរ៉ូវគ្នាវិញ និង កាន់តែស្រឡាញ់ផ្អែមល្ហែមនឹងគ្នាលើសដើម ដោយពួកគេទាំងពីរតែងថតរូបបញ្ជាក់ពីក្ដីស្នេហ៍ ដ៏សែនល្អូកល្អិនបង្ហោះនៅលើបណ្ដាញសង្គមជារឿយៗ ព្រមទាំងប្រើភាសាស្នេហាដ៏ផ្អែមមុតធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបចិត្តជំនួសទៀតផង។
យ៉ាងណាមិញ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ នេះ យោងតាមគណនីហ្វេសប៊ុករបស់ស្រីស្រស់ ម៉ានីន ដែលជាកូនអ្នកខេត្ត កំពត បានបង្ហោះរូបភាពជាច្រើនសន្លឹកបង្ហាញពីសកម្មភាពរបស់ខ្លួន និង សង្សារសំណព្វចិត្ត ចុះទៅសាលាបឋមសិក្សារ និង វិទ្យាល័យដែលនាងធ្លាប់រៀនកាលពីកុមារភាព ដើម្បីឧបត្ថម្ភជាស៊ីម៉ងត៍ដើម្បីអភិវឌ្ឍន៍ភូមិសាស្រ្ត។
ស្រីស្អាត ម៉ានីន បានបញ្ជាក់បន្ថែមនៅក្នុង Caption ថា ៖ «ជាទឹកចិត្តតិចតួចខ្ញុំ និង idol ភិទិ។ ស៊ីម៉ងត៍សរុប ២០០ បាវ ជូនបឋម ១០០ បាវ វិទ្យាល័យ ១០០ បាវ សម្រាប់ធ្វើផ្លូវបេតុងចូលសាលាដែលធ្លាប់រៀនតាំងពីតូចដល់ធំ។ សាលាបឋមសិក្សា និង វិទ្យាល័យ សម្តេច ហ៊ុនសែន អង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត»៕