អ្នកគាំទ្រអន្ទះសា ក្រោយមានការទទូចឱ្យ ឱក សុគន្ធកញ្ញា មាន Solo Concert ឆាប់ៗ
បើគិតមកដល់ឆ្នាំ ២០២៣ នេះ រយៈពេលប្រមាណជា ២៤ ឆ្នាំហើយ ដែលអ្នកនាង ឱក សុគន្ធកញ្ញា បាន និង កំពុងឈរជើងលើវិថីសិល្បៈយ៉ាងរឹងមាំ ព្រមទាំងជាកំពូលតារាចម្រៀងស្រីមួយរូប នៅក្នុងប្រទេសកម្ពុជា មានឈ្មោះបោះសំឡេងល្បីរន្ទឺទូទាំងក្នុង និង ក្រៅប្រទេស។
មិនតែប៉ុណ្ណោះ រយៈពេលជាច្រើនឆ្នាំ ក្រោយសាងកេរ្តិ៍ឈ្មោះ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា មិនត្រឹមតែមានអាជីពជាតារាចម្រៀងតែម្យ៉ាងនោះទេ អ្នកនាងក៏ត្រូវបានក្រុមហ៊ុនជាតិ អន្តរជាតិ និង ស្ថាប័នរដ្ឋ ឯកជនជាច្រើនជ្រើសរើសអ្នកនាងក្លាយជាទូតសុឆន្ទៈថែមទៀតផង។
យ៉ាងណាមិញ ថ្មីៗនេះមានគណនី Tiktok របស់អ្នកគាំទ្រអ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះវីដេអូដោយភ្ជាប់ជាមួយនឹងសំណួរសួរទៅកាន់អ្នកគាំទ្រផ្សេងៗទៀតថា ៖ «បើគាត់មាន Concert ផ្ទាល់ខ្លួនរបស់គាត់ តើអ្នកចូលរួមទេ?»។
ជាមួយគ្នានោះ ស្រាប់តែអ្នកគាំទ្ររបស់កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បាននាំគ្នាចូលទៅបញ្ចេញមតិពិតជាចង់ឱ្យមានព្រឹត្តិការណ៍មួយនេះកើតឡើងព្រាត ដោយលើកយកហេតុផលជាច្រើនជាពិសេសថា ៖ «តារាស្រីរូបនេះស័ក្តិសមនឹងទទួលបានការប្រគំតន្រ្តីផ្ទាល់ខ្លួនជាខ្លាំង។ រីឯតម្លៃសំបុត្រចូលរួមវិញ ទោះអស់ប៉ុន្មានក៏ហ៊ានចំណាយ ទោះរវល់យ៉ាងណាក៏ឆ្លៀតដើម្បីចូលរួមដែរ»។ល៕