ពិតទេ? ទឹម រដ្ឋា ហាក់ចង់បង្ហើបថា កូនស្រីតូចរបស់នាងគឺជាម្ដាយមកចាប់កំណើត
គិតមកដល់ពេលនេះ រយៈពេល ៣ ឆ្នាំមកហើយ ដែលតារាស្រី ទឹម រដ្ឋា បានបាត់បង់អ្នកម្ដាយជាទីគោរពស្រឡាញ់គ្មានត្រឡប់ ដែលអ្នកម្ដាយរបស់អ្នកនាងបានទទួលមរណភាពកាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២០ កន្លងទៅ បន្សល់នូវក្ដីនឹកអាល័យជាពន់ពេកពីក្រុមគ្រួសារ។
យ៉ាងណាមិញ ទោះបីអ្នកម្ដាយបានលាចាកលោកជាង ៣ ឆ្នាំទៅហើយមែន តែតារាស្រី ទឹម រដ្ឋា នៅតែបង្ហាញភាពសោកសង្រេងក្នុងការបាត់បង់អ្នកមានគុណជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់រូបនេះជាខ្លាំងដដែល ដោយជារឿយៗ អ្នកនាងតែងបង្ហោះសារក្រៀមក្រំ រៀបរាប់ពីទំហំនៃក្ដីនឹករឭកដល់ម្ដាយដែលបានលាចាកលោកទៅហើយនោះ ឥតស្រាកស្រាន្តឡើយ។
ដោយឡែក ខណៈដំណក់ឈាមដំបូងរបស់តារាស្រីរូបនេះ និង ស្វាមី ដែលមានឈ្មោះថា Antonio ហៅភ្លៀង កាន់តែធំ វ័យជិត ១ ឆ្នាំ ថ្មីៗនេះ ធ្វើឱ្យអ្នកនាង ទឹម រដ្ឋា ហាក់កាន់តែបង្ហាញក្ដីនឹករឮកដល់អ្នកម្ដាយជាទីស្រឡាញ់ ពេលឃើញមុខមាត់កូនស្រីរបស់ខ្លួនកាត់ដូចលោកយាយខ្លាំង ដែលអ្នកនាងថែមទាំងបាននិយាយថាកូនស្រីជាអ្នកម្ដាយដែលបានត្រឡប់មកនៅជាមួយអ្នកនាងវិញម្ដងទៀតផង។
ក្នុងនោះ អ្នកនាង ទឹម រដ្ឋា បានរៀបរាប់ភ្ជាប់ជាមួយនឹងរូបភាពថា ៖ «មើលត្រឹមពាក់កណ្ដាលច្រមុះចុះក្រោម ប្រអប់មាត់ ថ្ពាល់ខួច និង ចង្កា ម៉ាក់យាយថាមិនម៉ាក់យាយ អរគុណម៉ាក់ ដែលបានត្រឡប់មកបំពេញបំណងប្រាថ្នា និង សំណូមពរហើយបានផ្តល់ឱកាសឱ្យកូនបានមើលថែសងគុណម៉ាក់ម្ដងទៀត Pan RaNy ជាតិនេះកូនបានស្ងប់ចិត្តហើយ»៕