ស្ងាត់ៗ! ឡោម លក្ខិណា ស្វាគមន៍សមាជិកថ្មីជាកូនស្រី មុខមាត់គួរឱ្យក្នាញ់ណាស់
បើគិតមកដល់ពេលនេះ រយៈពេលប្រមាណជា ២ ឆ្នាំ មកហើយ ដែលតារាស្រីឡោម លក្ខិណា បានបញ្ចប់ឈ្មោះជាមេម៉ាយ និង រកឃើញពន្លឺសុភមង្គលថ្មី ដោយនាភ្ជាប់ពាក្យជាមួយដៃគូថ្មីជាអ្នកនៅក្រៅចង្កោមសិល្បៈម្នាក់ កាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ។
ពិតណាស់ បន្ទាប់ពីភ្ជាប់ពាក្យមិនបានប៉ុន្មាន ឡោម លក្ខិណា ស្រាប់តែសម្រាលកូនប្រុសម្នាក់ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង តែក្នុងនោះក៏មានការអបអរសាទរចំពោះសមាជិកថ្មីរបស់នាង និង គូស្នេហ៍ក្រោយផងដែរ។
ដ្បិតថាកាលទើបភ្ជាប់ពាក្យរួចថ្មីៗ ឡោម លក្ខិណា មិនបានទម្លាយរឿងភ្ជាប់ពាក្យរបស់ខ្លួនក៏ពិតមែន ប៉ុន្ដែក្រោយរូបថតភ្ជាប់ពាក្យនាងបានបែកធ្លាយ តារាស្រីរូបនេះ និង គូស្នេហ៍ក៏បានបណ្ដើរគ្នាបង្ហាញភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមដែរ។
ដោយឡែក នៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣ នេះ ឡោម លក្ខិណា ក៏បានបង្ហោះរូបភាព នៅលើគ្រែពេទ្យ និង សមាជិកថ្មីក្នុងគ្រួសារ ពោលគឺនាងសម្រាលបានកូនស្រី ១ រូបទៀតហើយ។ ក្នុងនោះ មហាជនអ្នកគាំទ្រ និង មិត្តក្នុង ក្រៅសិល្បៈជាច្រើនក៏បានជូនពរដល់នាងជាហូរហែផងដែរ៕