ស៊ឹម ថៃណា មិនទាន់កាត់ចិត្តបាន រៀបរាប់ពីក្មួយអភ័ព្វ ទុកឱ្យសក់សជូនដំណើរសក់ខ្មៅ
ការបាត់បង់ក្មួយប្រុសរបស់តារាចម្រៀង ស៊ឹម ថៃណា គឺជាការវាយប្រហារផ្លូវចិត្តដ៏ធំមួយសម្រាប់នាង ព្រោះថាតារាស្រីរូបនេះ ស្រឡាញ់បីបាច់ថែរក្សាក្មួយប្រុសតាំងពីតូចក្រូចឆ្មារ ហើយចាត់ទុករូបគេប្រៀបដូចកូនបង្កើត។
គិតចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ មកដល់ពេលនេះ ក្មួយប្រុសបានបាត់បង់ជីវិតដោយសារលង់ទឹកអស់រយៈពេល ៤ ថ្ងៃក៏ពិតមែន ប៉ុន្ដែសម្រាប់តារាចម្រៀង ស៊ឹម ថៃណា និង ក្រុមគ្រួសារវិញ នៅតែមិនទាន់អាចកាត់ចិត្ត ទទួលយកការពិតដ៏ឈឺចាប់មួយនេះបាននៅឡើយ ព្រោះថាក្មួយប្រុសនៅក្មេងណាស់ ទើបតែមានអាយុ ២៤ ឆ្នាំប៉ុណ្ណោះ មិនគួរណាមានវាសនាអភ័ព្វទាំងវ័យក្មេងបែបនេះ។
រួចរាល់ពិធីបូជាសពតាមប្រពៃណីហើយ នៅព្រឹកថ្ងៃទី ១៨ ខែតុលា នេះ ស៊ឹម ថៃណា បានបង្ហោះសាររៀបរាប់ពីក្មួយទាំងអារម្មណ៍ក្ដុកក្ដួលអួលណែនពេញដើមទ្រូងថា ក្មួយប្រុសជាមនុស្សអភ័ព្វជាងគេក្នុងគ្រួសារថា ៖ «ក្នុងត្រកូល ស៊ឹម ក្មួយគឺជាមនុស្សដែលអភ័ព្វជាងគេ ជីវិតជួបតែបញ្ហា តែបញ្ហាលើកនេះជាបញ្ហាដែលមិនអាចទទួលយកបាន ទៅដោយគ្មានពាក្យលា ហេតុអីបានឱ្យមនុស្សចាស់មកជូនដំណើរក្មេងទៅវិញ»៕