អ្នកនាង ស្រីអូន ប្រកាសអញ្ជើញគ្រួសារខាងប្តី មកសម្រួលគ្នាលើកចុងក្រោយ ដើម្បីព្រលឹងស្វាមីបានស្ងប់សុខ
រឿងរ៉ាវគ្រួសារឯកជនរបស់រាជិនីចិត្តធម៌ ស្រីអូន ដែលជួបព្យុះភ្លៀងដ៏ធំបន្ទាប់ពីបាត់បង់ស្វាមី គឺឧកញ៉ា ឈាង រ័ត្ន ដោយការធ្វើឃាតខ្លួនឯងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ នៅតែក្តៅងំក្នុងស្រទាប់មហាជនមកទល់ពេលនេះ បើទោះជាពិធីបុណ្យសពស្វាមីបានចាប់សព្វគ្រប់ទៅហើយក្តី។
ក្រោយឧកញ៉ា ឈាង រ័ត្ន បានទទួលមរណភាពរឿងរ៉ាវបែកបាក់របស់អ្នកនាង និង ស្វាមីក៏ត្រូវបានទម្លាយចេញមក រហូតធ្វើឱ្យមហាជនផ្ទុះការវែកញែកជាច្រើន។ លើសពីនោះ ក្រឡេកទៅមើលគ្រួសារខាងប្តីក៏ហាក់មានការមិនចុះសម្រុងនឹងអ្នកនាងដូចគ្នា ក៏ព្រោះមានហេតុផលមួយចំនួន។
យ៉ាងណាមិញ ក្រោយពីពិធីបុណ្យ ៧ ថ្ងៃ ស្វាមីបានចប់សព្វគ្រប់ អ្នកនាង ស្រីអូន បានបង្ហោះសាររៀបរាប់ភាពឈឺចាប់នូវរឿងរ៉ាវមួយចំនួននៃវិបត្តិគ្រួសាររបស់អ្នកនាងដែលឈានរហូតមានមានបញ្ហា ហើយអ្វីដែលចាប់អារម្មណ៍នោះ ក្នុងសារដ៏វែងអន្លាយដែល អ្នកនាង ស្រីអូន បានរៀបរាប់នោះ គឺអ្នកនាងបានប្រកាសអញ្ជើញគ្រួសារខាងប្តី ដោយមានម្តាយក្មេក ប្អូនថ្លៃ និង ឪពុកមា ម្តាយមីង ជាដើម មកសម្រុះសម្រួលគ្នាលើកចុងក្រោយ ដែលការធ្វើបែបនេះអ្នកនាង ស្រីអូន ថាដើម្បីឱ្យព្រលឹងរបស់ស្វាមីទៅបានស្ងប់សុខ។
អ្នកនាង ស្រីអូន រៀបរាប់ថា ៖ «…ជាចុងក្រោយ ក្នុងនាមខ្ញុំជាកូនប្រសា ក្មួយប្រសា សូមគោរពអញ្ជើញមកសម្រួលគ្នាជាចុងក្រោយ ដើម្បីឱ្យព្រលឹងប្ដីខ្ញុំទៅបានស្ងប់ផង។ បើគាត់ដឹងថាគាត់ទៅហើយ ប្រពន្ធគាត់ត្រូវគេជេរពេញប្រទេស ហើយគ្រួសារខាងប្ដីធ្វើអ៊ីចឹងដាក់ទៀត គឺគាត់មិនស្ងប់ទេ ដោយក្ដីគោរពចំពោះគ្រួសារខាងប្ដី»៕