ខ្ញុង បង្ហោះសារលើកទឹកចិត្ត ស្រីអូន ស្រាប់តែមានអ្នកខំមិនថាឱ្យរឿងបំណុល ទ្រាំមិនបានតបទៅវិញមួយឆ្ងាញ់
បន្ទាប់ពីឧកញ៉ា ឈាង រ័ត្ន ទទួលមរណភាពទៅ គេឃើញមហាជនអ្នកស្គាល់ និង ស្និទ្ធស្នាលជាមួយអ្នកនាង ស្រីអូន ជាច្រើន បានបង្ហោះសារលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តឱ្យអ្នកនាងរឹងមាំ ប្រឹងប្រែងរស់នៅជាម្លប់ដល់កូនស្រី។
ក្នុងនោះ តារាកំប្លែង ខ្ញុង ដែលគេស្គាល់ក៏ជាអ្នកជិតដិតនឹងគ្រួសារអ្នកនាង ស្រីអូន ដែរនោះ ក៏បានបង្ហោះសារផ្ដល់កម្លាំងចិត្តដល់ អ្នកនាង ស្រីអូន ជាបន្តបន្ទាប់។ ក្រោយចប់ពិធីបុណ្យ ៧ ថ្ងៃ ពោលគឺនៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២៣ នេះ តារាកំប្លែង ខ្ញុង បានបង្ហោះរូបថតចាស់របស់អ្នកនាង ស្រីអូន មួយសន្លឹក ហើយរៀបរាប់ថា ៖ «ស្នាមញញឹមដែលសល់តែភាពឈឺចាប់ និងភាពរឹងមាំ សម្រាប់បន្តជីវិត មើលថែកូនស្រីបន្តទៀត មេត្រូវតែរឹងមាំព្រោះមេជាមនុស្សស្រីដែលរឹងមាំណាស់តាំងពីដើមមក។ មេប្រុសទៅបានសុខហើយ»។
ដោយឡែករឿងដែលភ្ញាក់ផ្អើល បន្ទាប់ពីអ្នកនាង ខ្ញុង បង្ហោះសារមួយនេះមិនបានប៉ុន្មាន ក៏មានអ្នកលេងហ្វេសប៊ុកចូលមកបញ្ចេញយោបល់ថា ៖ «សងលុយគេហើយនៅចែ»។ គ្រាន់តែឃើញការខំមិននេះភ្លាម ខ្ញុង បានឆ្លើយតបទៅវិញភ្លែតថា ៖ «ឆ្ងល់ដែរមនុស្សដូចជាអ្នកនេះ អាចនៅរស់បានយូរដល់ថ្នាក់ខំមិនមកបំបាក់ទឹកចិត្តគេបែបនេះណោះ»។
កន្លងមក ខ្ញុង បានផ្ទុះរឿងអាស្រូវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ តែទោះជាយ៉ាងណា តារាស្រីរូបនេះតែងអះអាងថា នាងកំពុងព្យាយាមរកលុយសងបំណុល និង មិនបានគេចវេសទៅណាឡើយ៕