Song Joong Ki ទើបដាច់ចិត្តទម្លាយភិនភាគកូន ក្រោយលាក់បាំងពីភ្នែកមហាជនច្រើនខែ
បន្ទាប់ពីវិលត្រឡប់មកកាន់ប្រទេសកូរ៉េវិញ តារាសម្ដែងប្រុស Song Joong Ki ក៏បានមានវត្តមានក្នុងកម្មវិធី Newsroom ដែលចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ JTBC កាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ ដោយលោកបាននិយាយពីរឿងរ៉ាវជីវិតពិតក្រោយឆាកជាច្រើនជាមួយនឹងគ្រួសារថ្មីរបស់លោក។
ជាពិសេស តារាប្រុសវ័យ ៣៨ ឆ្នាំរូបនេះ បាននិយាយទាក់ទងនឹងកូនប្រុសដំបូងរបស់លោក ជាមួយនឹងអ្នកនាង Katy Louise Saunders ដែលមហាជនកំពុងចាប់អារម្មណ៍ខ្លាំងតាំងពីប្រុសតូចកើតនៅខែមិថុនាកន្លងទៅ មិនទាន់បានបង្ហាញមុខឱ្យមហាជនបានស្គាល់ជាសាធារណៈនោះទេ។
ហើយនៅពីមុខកាមេរ៉ា Song Joong Ki មិនអាចលាក់ពីសុភមង្គល និង ភាពរីករាយរបស់លោកមាននៅពេលនោះទេ ដោយបង្ហាញចេញឱ្យទស្សនិកជនបានឃើញ ហើយថែមទាំងនិយាយថា៖ «ភាគច្រើនគេនិយាយថា កូនប្រុសខ្ញុំបបូរមាត់គេកាត់ទៅម៉ាក់គេ (Katy) សូម្បីតែមិត្តភក្តិជិតដិតខ្ញុំ ក៏គេនិយាយបែបនេះដែរ ប៉ុន្តែរាងរបស់គេមើលទៅដូចខ្ញុំ ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបន្តិចដែរ»។
ហើយទាំងនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការរំភើបចិត្តជាខ្លាំង ដោយលោកបានបង្ហាញពីអារម្មណ៍ពិតទៅកាន់ភរិយា និង តែងតែចេញមុខការពាររាល់ពេលមានព័ត៌មានចចាមអារ៉ាមប៉ះពាល់ដល់នាង៕