ទើបសម្រាលកូន! ភរិយា ចេន លើកឡើងប្លែកៗថា ពេលនេះនាងគ្មានតម្លៃស្មើអ្នកដទៃ
ជារឿងដ៏ភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្រលើបណ្ដាញសង្គមហ្វេសប៊ុក ដោយនៅសុខៗភរិយាបណ្ដូលចិត្តរបស់តារាចម្រៀង ចេន បានបង្ហោះសារបង្កប់អត្ថន័យក្រៀមក្រំ ហាក់កំពុងទទួលបានការព្រងើយកន្ទើយពីអ្នកណា។
អ្នកនាង វ៉ាន់ លក្ខិណា បានបង្ហោះសារត្អូញត្អែរលើហ្វេសប៊ុកផ្ទាល់ខ្លួនថា ៖ «ឥលូវនេះខ្ញុំគ្មានតម្លៃស្មើអ្នកដទៃ តែកុំភ្លេចក្រឡេកមើលក្រោយបន្តិចផងថា ពេលអ្នកពិបាក ពេលមនុស្សជុំវិញខ្លួនក្បត់អ្នក ពេលដែលអ្នកដើរដល់ផ្លូវទ័ល មានតែមនុស្សអត់តម្លៃម្នាក់នេះទេដែលនៅក្បែរ ខ្ញុំចូលចិត្តបង្ហាញ ព្រោះខ្លាចស្ងៀមស្ងាត់ទៅក្លាយជាមនុស្សគ្មានបេះដូង សម្តីមិនពីរោះ ក៏មិនពិសពុលដែរ គ្រាន់តែចង់បានការយល់ចិត្តជាងនេះ តែថ្ងៃនេះខ្ញុំបានស្គាល់ពីតម្លៃនៃការលះបង់របស់ខ្ញុំហើយ អរគុណ»។
មានមតិជាច្រើនបានបញ្ចេញយោបល់លើកទឹកចិត្តដល់អ្នកម៉ាក់ថ្មីថ្មោងរូបនេះ ទោះបីជាអ្នកនាងបង្ហើបនោះ មិនបានបញ្ជាក់សំដៅដល់រឿងក្នុងរង្វង់គ្រួសារ ឬយ៉ាងណាក៏ដោយ តែកន្លងមកមហាជនសង្កេតឃើញតាមរយៈបណ្ដាញសង្គមថា ចេន យកចិត្តទុកដាក់ចំពោះភរិយាណាស់ ជាពិសេសពេលពួកគេទទួលបានចំណងដៃកូនដំបូងម្នាក់រួចមក៕