ឌី សូនីត្តា ខ្លោចចិត្តអាណិត បានត្រឹមលើកទឹកចិត្តក្រុមគ្រួសារទាំងសងខាង ពេលចូលរួមបុណ្យ ៧ ថ្ងៃ ឧកញ៉ា ឈាង រ័ត្ន
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ពិធីបុណ្យសព ៧ ថ្ងៃ និង ១០០ ថ្ងៃ របស់ឧកញ៉ា ឈាង រ័ត្ន បានរៀបចំតាមប្រពៃណីក្រោមការអញ្ជើញចូលរួមពីមហាជន និង អ្នកក្នុងសិល្បៈជាច្រើន នៅទាំងពីរទីតាំងដែលបានរៀបចំនោះ។
ពិតណាស់ ពិធីបុណ្យសព ៧ ថ្ងៃ និង ១០០ ថ្ងៃនេះ បានរៀបចំឡើងនៅ ២ ទីតាំងផ្សេងគ្នា ដោយមួយរៀបចំឡើងដោយក្រុមគ្រួសារឧកញ៉ា ឈាង រ័ត្ន នៅឯផ្ទះម្តាយបង្កើត និង មួយទៀតរៀបចំឡើងអ្នកនាង ស្រីអូន ជាភរិយា នៅឯវត្តវាលស្បូវ។
យ៉ាងណាមិញ ក្រឡេកទៅចាប់អារម្មណ៍លើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ឌី សូនីត្តា ក៏បានឃើញអ្នកនាងចូលរួមពិធីបុណ្យ ៧ ថ្ងៃ និង ១០០ ថ្ងៃ របស់ឧកញ៉ា ឈាង រ័ត្ន នៅឯវត្តវាលស្បូវដែរ ដោយអ្នកនាងបានបង្ហោះរូបភាពភ្ជាប់ជាមួយសារបង្ហាញចិត្តស្រណោះអាណិត ព្រមទាំងចូលរួមរំលែកទុក្ខ និង លើកទឹកចិត្តដល់ក្រុមគ្រួសារទាំងសងខាង។
ក្នុងនោះ អ្នកនាង ឌី សូនីត្តា បានសរសេររៀបរាប់ថា ៖ «ចូលរួមបុណ្យ ៧ ថ្ងៃ លោកឧកញ៉ា ឈាង រ័ត្ន នៅវត្តវាលស្បូវ ហឹម… អត់មានអីនិយាយទេ អារម្មណ៍មួយនេះពិបាកទទួលយក នាងខ្ញុំ និង ក្រុមគ្រួសារជួយអ្វីមិនបានក្រៅពីលើកទឹកចិត្ត និង ចូលរួមរំលែកទុក្ខក្រុមគ្រួសារទាំងសងខាងផង ស៊ុន្ទរី នួន»៕