លោកស្រី ម៉ម សុម៉ាលី ទម្លាយរូបភាព ស្រីអូន លើគ្រែពេទ្យពេលធ្លាប់ព្យាយាមបញ្ចប់ជីវិតខ្លួនឯងមុនស្វាមី
កាលពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅនេះ ពិធីបុណ្យសព ៧ ថ្ងៃ របស់ឧកញ៉ា ឈាង រ័ត្ន ក៏បានរៀបចំតាមប្រពៃណីរួចរាល់ហើយដែរ ក្រោយពីការធ្វើអត្តឃាតខ្លួនឯងកាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៣។
ភាពឈឺចាប់ក្រៀមក្រំខ្លោចផ្សារក្រោយពេលការសម្រេចចិត្តធ្វើអត្តឃាតរបស់ឧកញ៉ា ឈាង រ័ត្ន បានបន្សល់នូវភាពសោកស្ដាយ ការយំសោក ការខូចចិត្តរកទីបំផុតគ្មានពីសំណាក់ក្រុមគ្រួសារ សាច់ញាតិបងប្អូនជិតឆ្ងាយ ពិសេសអ្នកនាង ស្រីអូន ដែលជាភរិយារបស់លោក ក៏ឈឺចាប់ទទួលយកការពិតមិនបាន ដល់ថ្នាក់ត្រូវបញ្ចូលចូលមន្ទីរពេទ្យទៀតផង។
និយាយដល់ការឈឺចាប់របស់ភរិយាដែលត្រូវបាត់បង់ស្វាមី បន្ទាប់ពីមរណភាពរបស់ ឧកញ៉ា ឈាង រ័ត្ន ប៉ុន្មានថ្ងៃ ក៏ផ្ទុះការវែកញែកជាច្រើនពាសពេញពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់អ្នកទាំងពីរ ក្នុងនោះមានទាំងមតិអាណិតអាសូរដល់អ្នកស្លាប់ និង មតិលើកទឹកចិត្តដល់អ្នកនៅរស់ឱ្យបន្តរឹងមាំដើម្បីកូន។
យ៉ាងណា ស្រាប់តែថ្មីៗនេះ លោកស្រី ម៉ម សុម៉ាលី បានទម្លាយរូបភាពមួយសន្លឹករបស់ ស្រីអូន ដែលត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់កាលពីអំឡុងខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ ដោយលោកស្រីបានបញ្ជាក់ថា ស្រីអូន ធ្លាប់បានព្យាយាមសម្លាប់ខ្លួន។
ក្នុងនោះ លោកស្រី ម៉ម សុម៉ាលី រៀបរាប់ថា ៖ «បើស្រឡាញ់គ្នាពិតប្រាកដ ត្រូវជួយគ្នានៅពេលមានទុក្ខ កុំចាំឱ្យគ្នាដង្ហោយហៅទើបចេញមុខ ហួសពេលហើយ។ មនុស្សម្នាក់កំពុងមានទុក្ខ សូមកុំអាលរកហេតុផល ហុចដៃឱ្យនាងសិន ជួយនាងសិន ស្តាប់នាងសិន ឱបនាងឱ្យណែនសិន ជូតទឹកភ្នែកឱ្យនាងសិន ឱ្យនាងកើយស្មាសិន! កុំចាំ កុំខ្លាចខុស ជួយមនុស្សមានទុក្ខដោយចេតនាល្អ អ្នកគ្មានកំហុសទេ។ រូបភាពថ្ងៃ 26/9/023 ពេលគាត់ សម្លាប់ខ្លួន ស៊ុន្ទរី នួន។ ខ្ញុំមិនខ្លាចជួយមនុស្សមានទុក្ខទេ»៕