ផ្ទុះការសង្ស័យ Krating និង គូស្នេហ៍ចែកផ្លូវគ្នា ក្រោយឃើញកំលោះសង្ហារូបនេះបង្កើតគណនីគេនិយមលេងស្វែងរកដៃគូ
ដូចប្រិយមិត្តមួយចំនួនបានដឹងហើយ ទំនាក់ទំនងស្នេហារវាងតារាសម្ដែងប្រុសប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ លោក Krating Khunnarong និង តារាស្រី Kapook គឺជាស្នេហាបែបស្ងប់ស្ងាត់ ព្រោះថាស្រឡាញ់គ្នាមក ៧ ឆ្នាំ ពួកគេទាំងពីរហាក់ពុំសូវជាបង្ហាញខ្លួនផ្អែមល្ហែមខ្លាំងលើបណ្ដាញសង្គមនោះឡើយ ទាំងនៅលើគណនីហ្វេសប៊ុក ឬ គណនីអ៊ីនស្ត្រាក្រាម។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមហាជនផ្ទុះការសង្ស័យថាតារាសម្ដែងប្រុសរូបសង្ហា Krating និង គូស្នេហ៍ចែកផ្លូវគ្នាដើររៀងខ្លួន។ ហេតុដែលនាំឱ្យមានការសង្ស័យ ព្រោះគេឃើញតារាប្រុស Krating បង្កើតគណនីកម្មវិធី Tinder ដែលជាកម្មវិធីរកដៃគូសាសងគ្នាតាមបណ្ដាញសង្គមដ៏មានប្រជាប្រិយភាពដែលយុវវ័យចូលចិត្តលេងក្នុងការរកសង្សារ។
ទន្ទឹមនឹងបង្កើតគណនីថ្មីហើយ Krating ក៏បានសុំឱ្យមហាជនជួយចុចតាមដាន និង និយាយលេងជាមួយលោកផង ដោយអះអាងថាជាគណនីពិតប្រាកដ។ សម្រាប់មហាជនគ្រាន់តែឃើញ Krating បង្ហោះគណនី និង សារបែបនោះ ក៏បានសួរនាំរឿងសង្សារព្រោងព្រាតថាចែកផ្លូវគ្នាឬយ៉ាងណា តែក៏នៅពុំទាន់ទទួលបានចម្លើយពីសាមីខ្លួនដែរ។ យ៉ាងណា អ្នកគាំទ្រកំពុងរង់ចាំស្តាប់ការបកស្រាយពីតារាសម្ដែងប្រុស Krating ផ្ទាល់ផងដែរនៅពេលនេះ៕