ក្ដៅគគុក! ចាន់ គឹមសិទ្ធ បន្តបោះសម្តីថា លំដាប់តារាហូលីវូដនៅរិះគន់បាន ទម្រាំមនុស្សធម្មតារិះគន់មិនបាន
កាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៣ នេះ កម្មវិធី Miss Grand International 2023 បានឈានដល់វគ្គ Grand Voice Award ដែលជាវគ្គមួយកម្មវិធីតម្រូវឱ្យរាជិនីកំពូលសម្រស់ទាំងអស់ប្រមាណជា ៧០ ប្រទេស ប្រកួតចម្រៀងស្វែងរកអ្នកដែលមានសំឡេងពីរោះជាងគេ ដើម្បីទទួលបានពាន Best Grand Voice Award។ ទន្ទឹមនឹងវគ្គនេះដែរ គេឃើញបេក្ខភាពប្រទេសនីមួយៗពិតជាស្វិតស្វាញណាស់ ជាមួយការបង្ហាញទឹកដមសំឡេងយ៉ាងពីរោះទៅតាមសមត្ថភាពរៀងៗខ្លួនរបស់ពួកគេ។
ដោយឡែក សម្រាប់រាជិនីសម្រស់ខ្មែរយើងវិញ កញ្ញា ភឹម ស្រីនោ ក៏បានបង្ហាញសមត្ថភាពច្រៀងដែរ ដោយស្រីស្រស់រូបនេះបានលើកយកបទចម្រៀងជាភាសាថៃមកច្រៀងលើឆាកប្រកួត MGI។ ក្រោយពីច្រៀងចប់ ងាកទៅមើលអ្នកគាំទ្រខ្មែរមួយចំនួនវិញបានផ្ទុះការប្រតិកម្មជជែកវែកញែកជាខ្លាំងពាសពេញបណ្ដាញសង្គមហ្វេសប៊ុក និង Tik Tok ទៅលើ កញ្ញា ភឹម ស្រីនោ ដែលជ្រើសយកបទថៃទៅបង្ហាញ។
រឿងរ៉ាវនេះ គេឃើញថាមានការប៉ះពាក្យសម្ដីគ្នារវាងអ្នកគាំទ្រ កញ្ញា ភឹម ស្រីនោ និង មហាជនមួយចំនួនយ៉ាងក្តៅគកុក រហូតមានការបញ្ចេញមតិព្រោងព្រាតទៅតាមការយល់ឃើញរៀងៗខ្លួន។ ងាកទៅមើលលោក ចាន់ គឹមសិទ្ធ ដែលជាលំដាប់រងទីមួយកម្មវិធី Mister Petite Global 2022 ក៏បានចេញមកបង្ហាញអារម្មណ៍របស់លោកផងដែរ ខណៈឃើញកញ្ញា ភឹម ស្រីនោ លើកយកបទថៃទៅច្រៀង។
តាមការបង្ហោះ អ្នកកំលោះរូបសង្ហារូបនេះបានសរសេរថា ៖ «មានឈ្មោះទៅតំណាងឱ្យកម្ពុជាលើឆាកអន្តរជាតិលើកយកមកបង្ហាញច្រៀងភាសាថៃ ឬ មួយខ្មែរមិនចេះច្រៀងខ្មែរ??? នេះហើយដែលឱ្យតម្លៃជាតិសាសន៍ដទៃភ្លេចឱ្យតម្លៃជាតិសាសន៍ខ្លួនឯង កាលខ្ញុំទៅប្រកួតទោះកម្មវិធីតូចមែន តែខ្ញុំព្យាយាមបង្ហាញថាខ្ញុំជាខ្មែរ ខ្ញុំសរសើរដែលចេះនិយាយភាសាថៃ តែមិនមែនមកបង្ហាញជាភាសាថៃដែលមានតំណាងឱ្យកម្ពុជានោះទេ (នេះជាការកែលម្អតែប៉ុណ្ណោះ) សូមអរគុណ»។
ក្រោយពីបង្ហោះសារនោះ លោក ចាន់ គឹមសិទ្ធ ទទួលរងការរិះគន់ពីអ្នកគាំទ្ររបស់កញ្ញា ភឹម ស្រីនោ ជាខ្លាំង។ ដោយឡែករំលងបាន ៣ ថ្ងៃនៃការបង្ហោះ ស្រាប់តែនៅថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៣ នេះ លោក ចាន់ គឹមសិទ្ធ បានចេញមកបង្ហោះសារបន្ថែមថា ៖ «លំដាប់តារាហូលីវូដល្បីៗនៅតែមានអ្នករិះគន់ចុះទម្រាំមនុស្សយើងធម្មតារិះគន់អត់បានមែន»៕