ធ្លាប់ឈឺចាប់បាត់បង់ម្ដាយម្ដងហើយ ស៊ឹម ថៃណា ត្រូវឃ្លាតក្មួយប្រុសពេញវ័យ ដែលស្រឡាញ់ដូចកូនទៀត
នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នេះ មិត្តទាំងក្នុង ក្រៅសិល្បៈ និង មហាជនអ្នកគាំទ្រតារាចម្រៀង ស៊ឹម ថៃណា មានការស្លុតចិត្តយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងមរណភាពរបស់ប្អូនប្រុសម្នាក់ ដែលត្រូវជាក្មួយប្រុសបង្កើត របស់តារាស្រីខាងលើដោយសារលង់ទឹក នៅឯខេត្តបន្ទាយមានជ័យ។
ដោយយោងតាមគណនីហ្វេសប៊ុករបស់ តារាចម្រៀង ស៊ឹម ថៃណា បានបង្ហោះសារទាំងអាល័យ និង ប្តូររូបភាពនៅលើគណនីមកជារូបកាន់ទុក្ខក្មួយប្រុសជាទីស្រឡាញ់ ហើយរៀបរាប់ថា ៖ «ឆ្នាំ ២០១៨ ជាឆ្នាំដែលឈឺចាប់បំផុត (បាត់បង់ម្តាយ) ឆ្នាំ ២០២៣ ឈឺចាប់ម្តងទៀត (បាត់បង់ក្មួយ)។ មីងចុកបេះដូងណាស់ ២៤ ឆ្នាំរស់នៅដូចម៉ែកូន មិនដែលឃ្លាតទេ តែពេលនេះឃ្លាតទៅគ្មានថ្ងៃវិលវិញ។ សូមទៅកាន់សុគតិភពណាក្មួយមីង ជាតិក្រោយសុំឱ្យអាយុវែង។ ក្មួយប្រុសឈ្មោះ ឈឿន ពេជ្ជរ៉ា ហៅតួ បានទទួលមរណភាព (លង់ទឹក) ថ្ងៃ ១៥ ខែតុលា ឆ្នាំ២០២៣»។
គួរឱ្យដឹងផងដែរថា កាលពីព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៣ នោះ ក្នុងគណនីហ្វេសប៊ុករបស់ ស៊ឹម ថៃណា ក៏បានបង្ហោះសារស្វែងរកក្មួយប្រុសផងដែរ ដោយបានរៀបរាប់ថា ៖ «នាងខ្ញុំបានបាត់ក្មួយប្រុសឈ្មោះ (តួ) អាយុ ២៤ ឆ្នាំ ស្លៀកខោអាវដូចក្នុងរូប កាលពីម្សិលមិញ ម៉ោងប្រហែល ២ ជាងពេលថ្ងៃ នៅសំណង់ព្រែកសឿ ខេត្តបន្ទាយមានជ័យ»។
ក្រោយពីទទួលដំណឹងដ៏ក្រៀមក្រំខាងលើហើយ មហាជនអ្នកគាំទ្រ និង មិត្តទាំងក្នុង ក្រៅសិល្បៈជាច្រើន ក៏បានបង្ហោះសារ និង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ដល់ក្រុមគ្រួសាររបស់តារាចម្រៀង ស៊ឹម ថៃណា ផងដែរ។